មន្ត្រីក្រសួងការងារ អះអាងថា បញ្ហាសុខភាព និងសុវត្ថិភាពនៅតែជាបញ្ហាចំបង និងអាទិភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់
មន្ត្រីក្រសួងការងារ អះអាងថា បញ្ហាសុខភាព និងសុវត្ថិភាពនៅតែជាបញ្ហាចំបង និងអាទិភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ ។
ថ្លែងក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលស្តីពី “ ការកែលម្អរបៀបធ្វើការ នៅតាមការដ្ឋានសំណង់ខ្នាតតូច” ដល់គ្រូបង្គោលនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា បញ្ហាសុខភាព និងសុវត្ថិភាពការងារនៅតែជាបញ្ហាចំបង និងជាអាទិភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ ដោយសារវាប៉ះពាល់នឹងកម្លាំងពលកម្ម គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈរបស់កម្មករ។
លោក ឡេង តុង អះអាងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តកិច្ចសហការជាមួយគម្រោង ភាគីនិយោជក និងភាគីសហជីព ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កម្មករលើគ្រប់វិស័យ។
សូមបញ្ជាក់ថា វគ្គបំប៉ននេះ បានទទួលការឧបត្ថម្ភបច្ចេកទេស និងថវិកាពីគម្រោងលើកកម្ពស់ស្តង់ដារសុខភាព និង សុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ(ILO) តាមរយៈមូលនិធិរដ្ឋាភិបាលជប៉ុន (ILO/Japan OSH Project)។ វគ្គបំប៉ននេះ ក៏មានគោលបំណងរំលឹកឡើងវិញនូវមេរៀន ដែលបានបណ្តុះបណ្តាល និងបន្ថែមនូវធាតុចូលថ្មីៗ សម្រាប់ពង្រឹងសមត្ថភាពរបស់មន្ត្រីសហជីពលើវិធាន សុខភាព និងសុវត្ថិភាពការងារដល់កម្មករសំណង់ នៅតាមការដ្ឋានសំណង់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!