រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ក្រសួងកំពុងពិនិត្យសើរើដីសម្បទានសេដ្ឋកិច្ច ដោយកាត់បន្ថយនូវរយៈពេលជួលដីមកត្រឹមតែ ៥០ឆ្នាំវិញ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជន ជួលដីពីរដ្ឋមានចំនួន ២៣១ ក្រុមហ៊ុនលើផ្ទៃដី ១លាន១០ម៉ឺនហិកតា ដោយក្រសួងកំពុងពិនិត្យសើរើដីសម្បទានសេដ្ឋកិច្ច ដោយកាត់បន្ថយនូវរយៈពេលជួលដីមកត្រឹមតែ ៥០ឆ្នាំវិញ អោយស្របតាមច្បាប់។
ឆ្លើយតបនឹងសំណួររបស់លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដលល់យោបល់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ដីឯកជនរបស់រដ្ឋដែលបានធ្វើសម្បទានសេដ្ឋកិច្ចអោយទៅក្រុមហ៊ុនឯកជន នាពេលកន្លងមក មានរយៈពេល ៩៩ឆ្នាំ ខ្លះ ៩០ឆ្នាំ រីឯខ្លះទៀត ៧០ឆ្នាំនោះ គឺដាច់ខាតត្រូវកាត់រយៈពេលមកត្រឹម ៥០ឆ្នាំវិញ ។
លោក អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនឯកជនបានជួលដីពីរដ្ឋមានចំនួន ២៣១ ក្រុមហ៊ុន លើផ្ទៃដី១លាន១០ម៉ឺនហិកតា ក្នុងចំណោមក្រុមហ៊ុនចំនួន ២៣១ក្រុមហ៊ុននោះ គឺខាងក្រសួងបានពិនិត្យសើររើនូវរយៈពេលនៃការជួលដីបានចំនួន ៦៤ក្រុមហ៊ុនហើយ ដើម្បីកាត់បន្ថយនូវរយៈពេលជួលដីដែលលើសពី ៥០ឆ្នាំមកត្រឹមតែ៥០ឆ្នាំវិញ អោយស្របតាមច្បាប់ចែង។
លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការជួលដីពីរដ្ឋ កន្លងមក គឺមានតម្លៃ ៥ដុល្លារ ក្នុង១ហិកតា ហើយរដ្ឋយកថ្លៃឈ្នួលតែលើដីណាដែលក្រុមហ៊ុនបានឈូសឆាយព្រៃស្អាត ក៏ប៉ុន្តែឥឡូវនេះ គឺរាជរដ្ឋាភិបាល បានកំណត់អោយក្រុមហ៊ុនឯកជនដែលបានជួលដីពីរដ្ឋ ត្រូវតែបង់ថ្លៃឈ្នួលដីតាមទំហំដីដែលខ្លួនបានជួលពីរដ្ឋ ដោយមិនគិតថា ឈូសឆាយដីស្អាត ឬមិនស្អាតនោះទេ ដើម្បីធានាបានប្រាក់ចំណូលចូលរដ្ឋ និងធានាបានការអភិវឌ្ឍជាក់ស្តែងលើដី ដែលរដ្ឋបានជួលអោយទៅក្រុមហ៊ុនឯកជន ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បន្តថា ក្នុងករណីបើរដ្ឋចុះពិនិត្យជាក់ស្តែងលើដីដែលក្រុមហ៊ុនបានជួលពីរដ្ឋឃើញមិនមានសកម្មភាពអភិវឌ្ឃន៍ទេ គឺរដ្ឋនឹងរំលាយកិច្ចសន្យាជួលដីពីរដ្ឋនោះចោលតែម្តង ហើយក្រុមហ៊ុនមួយមានសិទ្ធជួលដីពីរដ្ឋ គឺមិនអោយលើសពី១ម៉ឺនហិកតានោះឡើយ។
សូមជម្រាបជូនថា ការបំភ្លឺនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរវាងប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន ២ គឺ សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (Online) ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!