រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកឯកអគ្គរដ្ឋទូតទីម័រ គាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យវិនិយោគ និងវិស័យយុត្តិធម៌
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជា ។
នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានស្វែងយល់ និងចែករំលែកព័ត៌មាន ក៏ដូចជាបទពិសោធរបស់ប្រទេសទាំងពីរនៅក្នុងបរិបទប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងប្រព័ន្ធតុលាការ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការស្តារនីតិសម្បទា។
លោកឯកអគ្គរដ្ឋទូតទីម័រ បានសម្តែងនូវការស្ងើចសរសើរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលដែលមានភាពប៉ិនប្រសប់ និងភាពឈ្លាសវៃក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ និងបានដឹកនាំប្រទេសសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ហើយលោក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាល តែងតែគាំទ្រសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចំពោះសំណើរចូលជាសមាជិកអាស៊ានទី១១ ផងដែរ ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី កើត រឹទ្ធ ក៏ថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ព្រមទាំងបង្ហាញនូវការរំពឹងទុកជាវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុខ។
លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកឯកអគ្គរដ្ឋទូតទីម័រ បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យវិនិយោគ និងវិស័យយុត្តិធម៌ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!