រដ្ឋមន្ត្រីក្រសួងផែនការ ចែកស្បៀងអាហារជូនគ្រួសារក្រីក្រ ចំនួន២០៥ គ្រួសារ ក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
លោក ឆាយ ថន ចុះសំណេះសំណាល និងចែកស្បៀងអាហារជូនគ្រួសារក្រីក្រ ចំនួន២០៥ គ្រួសារ ក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចុះសំណេះសំណាល និងចែកស្បៀងអាហារជូនគ្រួសារក្រីក្រ ចំនួន២០៥ គ្រួសារ ក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការអមដំណើរដោយលោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ លោក ជា ចាន់ទុំ អគ្គលេខាធិការនៃក្រសួងផែនការ និងតំណាងអាជ្ញាធរមូលដ្ឋានផងដែរ។
លោក ឆាយ ថន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ខ្វល់ខ្វាយ បារម្ភ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្នុងគ្រាដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលនេះ ។
ក្នុងនាមរាជរដ្ឋាភិបាល លោក ឆាយ ថន និងក្រុមការងារទាំងអស់ បានពាំនាំនូវស្បៀងអាហារមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ដោះស្រាយជីវភាពបានមួយកម្រិត ហើយបងប្អូនដែលមានវត្តមាននាពេលនេះ សុទ្ធតែទទួលបានប័ណ្ណសមធម៌ ដែលមានសិទ្ធិអាទិភាពជាច្រើនផ្តល់ជូនបងប្អូន រួមនឹងជំនួយសង្គម ជាពិសេសនាពេលឆាប់ៗនេះ បងប្អូននឹងទទួលបាននូវប្រាក់ឧបត្ថម្ភជីវភាពពីរាជរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តែផ្តាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនថាបងប្អូនដែលមានវត្តមាននៅទីនេះ ឬនៅទីណា សូមមេត្តាថែរក្សាសុខភាព ប្រកាន់ខ្ជាប់អនាម័យ ជៀសឱ្យបានពីការឆ្លងជំងឺកូវីដ-១៩ ដោយរាជរដ្ឋាភិបាល គឺនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ រួមគ្នាអភិវឌ្ឍន៍ភូមិដ្ឋាន សហគមន៍ ខេត្ត ក្រុង និងប្រទេសជាតិឱ្យរីកចម្រើនបន្តទៀត។
សូមបញ្ជាក់ថា អនុវត្តន៍តាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ លេខ១៧៣១ សជណ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារបានរៀបចំចែកស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន២០៥គ្រួសារ ជា៤ពេល ដើម្បីបញ្ចៀសពីការជួបជុំប្រមូលផ្តុំគ្នាចំនួនច្រើននាក់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!