ប្រធានគណបក្សឆន្ទៈខ្មែរ បង្ហាញក្តីកង្វល់អំពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនឯកជន ខណៈក្រុមហ៊ុនមួយចំនួនមិនអនុវត្តន៍តាមគម្រោងវិនិយោគ នោះទេ បែរជាបំផ្លាញធនធានធម្មជាតិ ទៅវិញ
គណបក្សឆន្ទៈខ្មែរ បង្ហាញក្តីកង្វល់អំពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនឯកជន ខណៈក្រុមហ៊ុនមួយចំនួនមិនអនុវត្តន៍តាមគម្រោងវិនិយោគ នោះទេ បែរជាបំផ្លាញធនធានធម្មជាតិ ទៅវិញ ។
នៅក្នុងកិច្ចប្រជុំឆ្លងច្បាប់ នៃក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំប្រតិភូដោយលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ២ ពោលគឺ សេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនិងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក គង់ មុនីកា ប្រធានប្រតិភូគណបក្សឆន្ទៈខ្មែរ បានបង្ហាញក្តីកង្វល់អំពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនឯកជន នាពេលបច្ចុប្បន្ននេះ ។
លោក គង់ មុនីកា បានលើកឡើងថា ក្រុមហ៊ុនមួយចំនួនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល មិនបានអនុវត្តតាមគម្រោងវិនិយោគ និងការអភិវឌ្ឍរបស់ខ្លួនទេ ផ្ទុយទៅវិញបានបំផ្លាញព្រៃឈើ ធនធានរ៉ែ និងធនធានធម្មជាតិទៅវិញ។
លោក គង់ មុនីកា ក៏បានជម្រុញអោយមានការដកហូតដីសម្បទានសេដ្ឋកិច្ចទាំងនោះត្រលប់មកវិញ ផងដែរ ។
ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្នុងនាមគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បានគាំទ្រអោយមានច្បាប់នេះ ដើម្បីជាប្រយោជន៍ក្នុងការប្រមូលចំណូលត្រឹមត្រូវពីកាសុីណូ បង្កើតការងារដល់ប្រជាពលរដ្ឋ ប៉ុន្តែចាំបាច់ត្រូវធានាថា វិនិយោគិនលើវិស័យនេះ មានទុនវិនិយោគគ្រប់គ្រាន់ និងមានប្រាក់តម្កល់ច្បាស់លាស់ ដើម្បីធានាថា ក្នុងករណីយថាហេតុណាមួយកើតឡើង បុគ្គលិក កម្មករនៅតែអាចទទួលបានប្រាក់ខែ ប្រាក់បំណាច់ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!