ទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បួង ស្នើសុំសហព័ន្ធកសិកម្មជាតិកូរ៉េ ជួយបណ្ដុះបណ្ដាលជំនាញ និងចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអភិវឌ្ឍនៃប្រព័ន្ធសហករណ៍ជាតិដល់កម្ពុជា
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បួង ស្នើសុំសហព័ន្ធកសិកម្មជាតិកូរ៉េ ជួយបណ្ដុះបណ្ដាលជំនាញ និងចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអភិវឌ្ឍនៃប្រព័ន្ធសហករណ៍ជាតិដល់កម្ពុជា ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយលោក Lee Seong-hee អគ្គនាយកថ្មីសហព័ន្ធកសិកម្មជាតិកូរ៉េ NH (NongHyup) ដែលសហព័ន្ធកសិកម្មជាតិកូរ៉េ នេះ បានចាប់ផ្ដើមកសាងកាលពីឆ្នាំ១៩៦១ ជាប់ចំណាត់ថ្នាក់លេខ ២ ទូទាំងពិភពលោកផ្នែកការអភិវឌ្ឍវិស័យកសិកម្ម ដែលមានតួនាទីផ្ដល់នូវគោលនយោបាយដាំដុះ ផ្គត់ផ្គង់ហិរញ្ញវត្ថុ និងទីផ្សារកសិផលនៅសាធារណរដ្ឋកូរ៉េ ។
ក្នុងជំនួបនោះ លោក ឡុង ឌីម៉ង់ បានស្នើសុំឱ្យលោកអគ្គនាយក NH ជួយពិនិត្យផ្តល់នូវការបណ្ដុះបណ្ដាលនូវជំនាញ ទាំងរយៈពេលខ្លី និងវែង ក៏ដូចជាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងអភិវឌ្ឍនៃប្រព័ន្ធសហករណ៍ជាតិ ជាមួយកម្ពុជា ។
ជាមួយគ្នានេះ លោក Lee Seong-hee អគ្គនាយកថ្មីសហព័ន្ធកសិកម្មជាតិកូរ៉េ NH ក៏បានឯកភាពគ្នាជាមួយស្ថានទូតកម្ពុជា រួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យទទួលបានផ្លែផ្កា ដោយយកវិស័យកសិកម្មជាស្ពាន។
ក្នុងនោះដែរ សហព័ន្ធកសិកម្មជាតិកូរ៉េ NH នឹងពិចារណាក្នុងការចាប់ផ្ដើមគម្រោងសាកល្បង ដើម្បីអភិវឌ្ឍវិស័យកសិកម្មក្នុងសហគមន៍មួយ នៅប្រទេសកម្ពុជា នាពេលឆាប់ៗនេះ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!