ថវិកាវិភាគទានសប្បុរសធម៌ចំនួនជាង ៨០០ លានរៀល ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន "កម្ពុជា ៥" ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
លោក ស៊ុន ចាន់ថុល បាននាំយកថវិកាវិភាគទានសប្បុរសធម៌ចំនួន ៨០០ ៤៨០ ០០០ រៀល ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន "កម្ពុជា ៥" ទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ។
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន "កម្ពុជា ៥" ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។
នេះជាលើកទីពីរហើយ ដែលក្រសួងសាធារណការ បានប្រគល់ថវិកាវិភាគទានសប្បុរសធម៌ ជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកា ដែលបានប្រគល់ជូនលើកនេះមានទឹកប្រាក់ចំនួន ៨០០ ៤៨០ ០០០រៀល បានមកពីការដេញថ្លៃ លក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។
ក្នុងឳកាសនោះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ការលក់លេខពិសេសផ្ទាល់ខ្លួនដែលត្រូវបានដាក់ឲ្យអនុវត្ត កន្លងទៅនេះជាប្រភពចំណូលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតឲ្យមានការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ ចំណូលពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” ដែលទទួលបានទឹកប្រាក់ចំនួន៨០០ ៤៨០ ០០០រៀល គឺជាប្រវត្តិសាស្ត្រមួយដែលប្រភេទលេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុងតម្លៃខ្ពស់គួរជាទីមោទនៈ។
ថ្លែងក្នុងពិធីនោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋ និងអាចបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ។
ជាមួយគ្នានោះ លោក អូន ព័ទ្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអន្តរក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួននាពេលកន្លងមក ដោយទទួលបាននូវលទ្ធផលល្អប្រសើរ និងបានស្នើឲ្យបន្តកិច្ចសហការល្អបន្តទៀត ដើម្បីឱ្យសេវានេះកាន់តែល្អប្រសើរឡើងថែមទៀត និងអាចរកចំណូលជូនរដ្ឋបានកាន់តែច្រើន។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដែលមានលក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសសម្បូណ៌បែបជូនប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងលក់លេខពិសេស មានអាសយដ្ឋាន https://vehicle.mpwt.gov.kh ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!