រដ្ឋមន្ត្រីក្រសួងផែនការ អោយពលរដ្ឋក្រីក្រមានប័ណ្ណសមធម៌ទៅចុះឈ្មោះនៅសាលាឃុំសង្កាត់ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវីដ-១៩
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ សំណូមពរដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយដល់គ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌មានសុពលភាព និងប័ណ្ណសមធម៌ដែលទើបផ្តល់ជូន អញ្ជើញទៅផ្ទៀងផ្ទាត់ និងចុះឈ្មោះនៅសាលាឃុំ សង្កាត់ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវីដ-១៩ នាពេលឆាប់ៗនេះ ។
ការសំណូមពររបស់លោករដ្ឋមន្ត្រីក្រសួងផែនការបែបនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងឳកាសដែលលោករដ្ឋមន្ត្រី បានចូលរួមក្នុងសិក្ខាសាលផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រជុំទី១៣ ឆ្នាំ២០១៩ និងតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ-១៩ នៅសាលាខេត្តតាកែវ ។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ប្រសិនជាប្រជាជនក្រីក្រ មិនបានយកប័ណ្ណសមធម៌ទៅចុះឈ្មោះនៅសាលាឃុំ សង្កាត់ នឹងមិនទទួលបានប្រាក់ឧបត្ថម្ភទេ ។ ចំពោះប្រជាជនក្រីក្រដែលបានសម្ភាសន៍ និងកំណត់ជាគ្រួសារក្រីក្រក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នឹងត្រូវទទួលបានសមធម៌ និងប្រាក់ឧបត្ថម្ភនៅពេលបន្ទាប់ ដូច្នេះសូមជួយផ្តល់ដំណឹងនេះដល់ពួកគាត់កុំឱ្យមានការព្រួយបារម្ភ ។
ក្នុងឳកាសនោះដែរ លោក ឆាយ ថន បានបញ្ជាក់ថា ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ រួមទាំងគ្រួសារខ្លះទៀត ទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រីក្រ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដែលជាគោលការណ៍រាជរដ្ឋាភិបាលមិនបោះបង់ចោលនរណាម្នាក់ឱ្យនៅឯការនោះទេ។
លោករដ្ឋមន្ត្រី បានបន្តថា ក្នុងឆ្នាំ២០១៩ ក្រសួងផែនការបានអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រលើខេត្តចំនួន៨ គឺ ខេត្តតាកែវ, កណ្តាល, ពោធិ៍សាត់, កំពង់ឆ្នាំង, បាត់ដំបង, ប៉ៃលិន, ព្រះវិហារ និងរតនគិរី ។ ជាលទ្ធផល រកឃើញគ្រួសារក្រីក្រចំនួន ១៨៩,៤១៦គ្រួសារ ក្នុងនោះ ក្រកម្រិត១ មានចំនួន ៦៧,៣០១គ្រួសារ និងក្រកម្រិត២ មានចំនួន ១២២,១១៥គ្រួសារ ។ ដោយឡែកខេត្តតាកែវ មានគ្រួសារក្រីក្រ ចំនួន ៣០,៣០៤គ្រួសារ ក្នុងនោះ ក្រកម្រិត១ ចំនួន ១០,៩៩១គ្រួសារ និងក្រកម្រិត២ មានចំនួន ១៩,៣១៣គ្រួសារ ។
ដោយឡែកចំពោះការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ ក្នុងខែឧសភា ឆ្នាំ២០២០ នៅតំបន់ជនបទកន្លងមកនេះ(គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០) បានរកឃើញគ្រួសារក្រីក្រចំនួន ៥៣,២០២ គ្រួសារបន្ថែមទៀត ក្នុងនោះ ក្រកម្រិត១ មានចំនួន ២២,៩៤១គ្រួសារ និងក្រកម្រិត២ មានចំនួន ៣០,២៦១គ្រួសារ ។ នៅក្នុងនោះចំពោះខេត្តតាកែវ រកឃើញគ្រួសារក្រីក្រមានចំនួន ២,៥៨៨គ្រួសារ ក្នុងនោះក្រកម្រិត១ មានចំនួន ១,១២៩គ្រួសារ និង ក្រកម្រិត២ ចំនួន ១,៤៥៩គ្រួសារបន្ថែមទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!