រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ
រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ (ធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងមុខហើយធ្វើ ខាងក្រោយម្ដងទៀត)។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី ថែទាំផ្លូវ (Road Care Mobile App) ដើម្បីចូលរួមថែទាំផ្លូវថ្នល់ឱ្យបានគង់វង្សជាប់បានយូរ និងបានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់បណ្តាលឱ្យផ្លូវឆាប់ខូច មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្ម រំលោភបំពានដីចំណីផ្លូវ និងសូមចូលរួមគោរពច្បាប់ ចរាចរណ៍ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា ផងដែរ។
សូមជម្រាបថា កម្មវិធីថែទាំផ្លូវ - ROAD CARE Mobile App ត្រូវបានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ពីផ្លូវដែលត្រូវជួសជុល ផ្លូវមានជង្ហុកសំបុកមាន់ ដើម្បីសមត្ថកិច្ចជំនាញចុះធ្វើការត្រួតពិនិត្យ និងជួសជុលអោយបានទាន់ពេលវេលា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!