រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចចរចាពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានបញ្ចប់ដោយជោគជ័យ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រុមការងារបច្ចេកទេសទើបបញ្ចប់ដោយជោគជ័យលើកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ហើយកម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិនប្រមាណជា ២០ភាគរយ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។
លោក ប៉ាន់ សូរស័ក្តិ បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២០នេះ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងសម្រាប់កម្ពុជា។
លោករដ្ឋមន្ត្រី អះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ២០ភាគរយ។
សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!