សត្វទន្សោងឈ្មោលមួយក្បាល ត្រូវបានរកឃើញថា ស្លាប់ក្នុងសភាពស្អុយរលួយ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន
សត្វទន្សោងឈ្មោលមួយក្បាល ត្រូវបានរកឃើញថា ស្លាប់ក្នុងសភាពស្អុយរលួយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ។
លោក នេត ភក្ត្រា បានអោយដឹងថា ក្រុមការងារចម្រុះដែលដឹកនាំដោយព្រះភិក្ខុ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ និងជាប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធមានមន្ត្រីនគរបាល និងទាហាន បានធ្វើការពិនិត្យលើសពសត្វទន្សោង ហើយសន្និដ្ឋានថា សត្វទន្សោងដែលបានស្លាប់ជាច្រើនថ្ងៃមកហើយ ដែលសង្ស័យត្រូវបានស្លាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើង ព្រោះបានរកឃើញថា មានបាក់ឆ្អឹងជំនីចំនួន ២ កាំនៅផ្នែកខាងឆ្វេង។ សាកសពសត្វទន្សោងនេះ ត្រូវបានដឹកមកកាន់ទីស្នាក់ការសហគមន៍ព្រៃសង្ឃរុក្ខវ័ន ហើយបើតាមព្រះភិក្ខុ ប៊ុន សាលួត សាកសពសត្វទន្សោងនេះនឹងត្រូវធ្វើពិធីបង្សុកូលឧទ្ទិសកុសលតាមបែបពុទ្ធសាសនា រួចហើយនឹងកប់ទន្ទឹមនឹងសាកសពទន្សោងដែលបានស្លាប់កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ។
គួរកត់សម្គាល់ដែរថា នេះជាសត្វទន្សោងទី៦ ហើយ ដែលត្រូវបានស្លាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័នក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ នៅក្នុងនោះ សត្វទន្សោងទី៥ ដែលបានរកឃើញកាលពីថ្ងៃទី២៤ ខែឧសភា គឺបានស្លាប់ដោយការជាប់អន្ទាក់របស់ព្រានព្រៃ ខណៈទន្សោងញីឈ្មោលផ្សេងទៀតចំនួន ៤ ក្បាលបានស្លាប់ដោយជាប់អន្ទាក់ និងដោយសារអន្ទាក់ឆក់កាលពីដើមឆ្នាំ ២០២០។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សត្វកម្រ ដោយសារស្នាដៃក្រុមព្រានព្រៃគ្មានក្តីមេត្តា ហើយបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្សនិងសហគមន៍ព្រៃសង្ឃរុក្ខវ័ន បន្តសហការគ្នាស្អិតរមួតបន្ថែមទៀត ដើម្បីរឹតបន្តឹងបន្ថែមលើការអនុវត្តច្បាប់ និងត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋដែលចូលព្រៃដើម្បីដកហូតអនុផលព្រៃឈើផ្សេងៗ ដើម្បីកុំឱ្យពួកគាត់លួចលាក់អាវុធពិត ឬអាវុធកែច្នៃ អន្ទាក់ចូលទៅក្នុងព្រៃ ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ បរបាញ់សត្វ និងដាក់អន្ទាក់សត្វ។
លោករដ្ឋលេខាធិការ បញ្ជាក់ថា ក្រសួងនឹងបន្តស៊ើបអង្កេតស្វែងរកជនខិលខូចដែលប្រព្រឹត្តបទល្មើសបរបាញ់សត្វដាក់អន្ទាក់សត្វ ហើយសូមស្នើសុំបងប្អូនប្រជាពលរដ្ឋដែលបានដឹងព័ត៌មានពីជនបំផ្លាញសត្វព្រៃ សូមជួយផ្តល់ការសហការនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីអនុវត្តច្បាប់។
សូមបញ្ជាក់ថា ចាប់តាំងពីខែ មករា ដល់ខែ មិថុនានេះ សត្វទន្សោងយ៉ាងហោចចំនួន ១០ ក្បាលហើយដែលបានរកឃើញថា ស្លាប់ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលក្នុងនោះ ១ ក្បាលរកឃើញស្លាប់ដោយ ជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ៦ ក្បាល (ឈ្មោល ៣ ក្បាល និងញី ៣ ក្បាល) ស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ និង ២ ក្បាលក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចដោយសារការបាញ់ សម្លាប់ និងកូនទន្សោងញី ១ ក្បាលរកឃើញស្លាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរីដោយសារតែជាប់អន្ទាក់។
នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២០ គឺពីខែមករាដល់ខែមេសា អន្ទាក់ចំនួនជាង ១០០០០ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើង កាំភ្លើងកែច្នៃ និងស្នាតេះដែលប្រើសម្រាប់ការបរបាញ់សត្វ ចំនួនជាង ៣០០ ដើមត្រូវបានដកហូត។ នៅឆ្នាំ ២០១៩ កន្លងទៅអន្ទាក់ជាង ២០០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិដើម្បីការពារសត្វព្រៃ ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ។
តាមរបាយការណ៍សិក្សារបាយប្រជាជន សត្វទន្សោង នៅក្នុងប្រទេសកម្ពុជាមានចន្លោះពី ២៧០០ ទៅ ៥៧០០ ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាលតែប៉ុណ្ណោះ។ ខណៈប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី មានចំនួនសត្វទន្សោងប៉ុន្មានរយក្បាលប៉ុណ្ណោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!