ថ្ងៃទី ២៤ មិថុនា រាជរដ្ឋាភិបាល នឹងដាក់អោយប្រើប្រាស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដោយសារកូវីដ១៩
តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២០ បានប្រកាសថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងស្ថានការណ៍ដែលជំងឺឆ្លងកូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចរបស់កម្ពុជា ដែលក្នុងនោះ ប្រជាពលរដ្ឋមួយចំនួន ត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទដាច់ស្រយាលមួយចំនួន ក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ ផងដែរ ។
លោកនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានា ដែលអាចធ្វើបាន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បានក្រើនរំលឹកម្ដងហើយម្ដងទៀត អោយបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ។
ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជា ផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសគ្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋ និងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋឬអតិថិជនប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ព្រោះតែការមើលស្រាល និងការធ្វេសប្រហែស ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!