គិតត្រឹមឆ្នាំ ២០២០ កម្ពុជា មានវារីអគ្គិសនី ចំនួន ៧ កំពុងផលិតថាមពលអគ្គិសនី
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានខិតខំស្តារ និងកសាងថាមពលវារីអគ្គិសនីឱ្យមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ដែលគិតមកត្រឹមឆ្នាំ ២០២០ នេះ កម្ពុជាមានវារីអគ្គិសនី ចំនួន ៧ កន្លែង ។ នេះយោងតាមការបង្ហាញរបស់ក្រសួងរ៉ែ និងថាមពល ។
វារីអគ្គិសនីរបស់កម្ពុជា ទាំង ៧ នេះ រួមមាន ៖
១. វារីអគ្គិសនីគីរីរម្យ ១ គឺជាគម្រោងវារីអគ្គិសនីទី១ របស់កម្ពុជា ដែលបានស្តារឡើងវិញនៅឆ្នាំ២០០២ មានអានុភាពផលិតអគ្គិសនី ១២មេហ្កាវ៉ាត់ ។ វារីអគ្គិសនីគីរីរម្យ១ មានទីតាំងគម្រោងស្ថិតនៅ ស្ទឹងច្រាល ដែលមានទំនប់ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ និងស្ថានីយវារីអគ្គិសនី ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ក្រុមហ៊ុន CETIC International Hydropower Development Co., Ltd. ជាក្រុមហ៊ុនទទួលវិនិយោគលើគម្រោងវារីអគ្គិសនីដំបូងគេ របស់កម្ពុជានេះ ដែលមានទុនវិនិយោគ ២៦លានដុល្លារអាមេរិក ។
២. វារីអគ្គិសនីកំចាយ គឺជាវារីអគ្គិសនីទី ២ របស់កម្ពុជា ដែលមានអានុភាពផលិតអគ្គិសនី ១៩៤.១មេហ្កាវ៉ាត់ ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១១ ។ វារីអគ្គិសនីកំចាយនេះ មានទីតាំងស្ថិតនៅស្ទឹងកំចាយ ឬហៅថាព្រែកទឹកឈូ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត អមដោយទេសភាពយ៉ាងស្រស់ត្រកាល ផងដែរ ។ ក្រុមហ៊ុនវិនិយោគលើគម្រោងវារីអគ្គិសនីទី ២ នេះ គឺក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project ។
៣. វារីអគ្គិសនីគិរីរម្យ៣ ដែលមានអានុភាពផលិតអគ្គិសនី ១៨មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី៣ របស់កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៣ ។ វារីអគ្គិសនីគិរីរម្យ៣ នេះ មានទីតាំងស្ថិតនៅតាមដងស្ទឹងពង្រួល ដែលជាដៃមួយរបស់ព្រែកកំពង់សោម ក្នុងឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង ។ ក្រុមហ៊ុនវិនិយោគលើគម្រោងនេះ គឺក្រុមហ៊ុន CETIC International Hydropower Development Co., Ltd. ។
៤. វារីអគ្គិសនីស្ទឹងអាតៃ ជាវារីអគ្គិសនីទី៤ របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី ១២០ មេហ្កាវ៉ាត់ ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៤ ។ វារីអគ្គិសនីស្ទឹងអាតៃ មានទីតាំងក្នុងតំបន់ត្រីកោណ ស្ថិតនៅភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ( ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ) ។ វារីអគ្គិសនីស្ទឹងអាតៃនេះ វិនិយោគដោយក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co., Ltd. ដែលមានអានុភាពតម្លើង ១២០ មេហ្កាវ៉ាត់ ។
៥. វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ជាវារីអគ្គិសនីទី៥ របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី ៣៣៨ មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៥ ។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានទីតាំងគម្រោង នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្រុមហ៊ុនវិនិយោគ China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. ។
៦. វារីអគ្គិសនីស្ទឹងតាតៃ ជាវារីអគ្គិសនីទី៦ របស់ព្រះរាជាណាចក្រកម្ពុជា មានអានុភាពផលិតអគ្គិសនី ២៤៦ មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៥ ។ វារីអគ្គិសនីស្ទឹងតាតៃ មានទីតាំងគម្រោម នៅឃុំតាតៃ ស្រុកកោះកុង និងមានទីតាំងទំនប់ព្រមទាំងអាងទឹក ស្ថិតនៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។ ក្រុមហ៊ុនវិនិយោគ Cambodian Tatay Hydropower Limited ។
៧. វារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីទី៧ របស់ព្រះរាជាណាចក្រកម្ពុជា មានអានុភាពផលិតអគ្គិសនី ៤០០មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៨ ។ វារីអគ្គិសនីសេសានក្រោម២ មានទីតាំងនៅចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ក្រុមហ៊ុនវិនិយោគ Hydropower Lower Se San 2 Co., Ltd. ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!