វត្តមានអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្ដាល នឹងអាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅក្នុងឳកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានអញ្ជើញមកពិនិត្យព្រលានយន្តហោះថ្មីនេះ ដែលលោកក៏បានថ្លែងការកោតសរសើរដល់គណៈកម្មការសាងសង់ ដែលបានប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់នេះ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា បញ្ហាជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។ លោក បន្តថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺកូវីដ១៩ផងដែរ ដែលនេះគឺជាគោលដៅមួយសំខាន់សំរាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការបំពេញតម្រូវការ។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី សូមអោយអាជ្ញាធររាជធានី ខេត្តទាំង៣ មានរាជធានីភ្នំពេញ កណ្តាល និងខេត្តតាកែវ ត្រូវរួមសហការគ្នា និងសម្របសម្រួលជាមួយក្រុមហ៊ុន ដើម្បីអោយការងាសាងសង់នេះមានភាពរលូន។
លោកនាយករដ្ឋមន្ត្រី បន្តថា ចំពោះអាកាសយានដ្ឋានអន្តរជាតិនៅពោធិចិនតុង គឺទុកនៅដដែរ តែអាចទៅជាព្រលានសម្រាប់យោធាកងទ័ព, ប្រើសម្រាប់ការហោះហើរផ្ទៃក្នុង ,ប្រើសំរាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងប្រើសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំផ្លូវការនានា។
គួរកត់សម្គាល់ដែរថា ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម CAIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។ វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ នឹងអាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!