សង្គមស៊ីវិលស្នើឲ្យស្វែងរកការពិត ដែលនៅពីក្រោយនៃការសាងសង់វត្តវៀតណាម
សំឡេង៖
សង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរខេត្តសៀមរាប ស្វែងរកការពិត នៅពីក្រោយនៃការសាងសង់វត្តវៀតណាម ក៏ដូចជារូបសំណាក់ ដោយខុសច្បាប់ជាបន្តបន្ទាប់ ក្រោយពីមានការសាងសង់វត្ត និងរូបសំណាក់ ក្នុងខេត្តសៀមរាប។
លោក នូ ពុទ្ធិ អ្នកសម្រប់សម្រួលនៃអង្គការលីកាដូប្រចាំខេត្តសៀមរាប បានឲ្យវិទ្យុសំឡេងយុវជន VOYនៅព្រឹកនេះថា ករណីអាជ្ញាធរ បានចុះទៅធ្វើការកំទេចចោល និងបញ្ឈប់កុំឲ្យមានការសាងសង់ ដោយអនាធិតេយ្យ ពីសំណាក់ជនជាតិវៀតណាម គឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានរិះគន់ពីប្រជាពលរដ្ឋ។
តែលោកយល់ថា មុននឹងធ្វើការវាយកំទេច អាជ្ញាធរគួរតែសិក្សាស្វែងរកឲ្យបានច្បាស់ នូវការពិត ដែលបណ្តាលឲ្យមានការសាងសង់រូបសំណាក់ខុសច្បាប់។ លោកចាត់ទុកថា ករណីសាងសង់រូបសំណាក់ខុសច្បាប់នៅខេត្តសៀមរាប មិនមែនជារឿងថ្មីនោះទេ ព្រោះករណីដូចគ្នានេះ បានកើតឡើងជាច្រើនលើកច្រើនសារមកហើយ ដូចជាខេត្តកោះកុង និងលើភ្នំបូគោជាដើម តែអាជ្ញាធរ នៅតែមិនអាចស្វែងរកមូលហេតុនៅពីក្រោយបាន។ លោកអំពាវនាវ ឲ្យមានការស៊ើបអង្គេតឲ្យបានច្បាស់ពីបញ្ហានេះ។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអំពាវនាវផងដែរ ឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ គួរតែទទូលយកព័ត៌មានពីសហគមន៍ ដែលរាយការទៅហើយ និងចុះអនុវត្តនីតិវិធីច្បាប់ឲ្យមានប្រសិទ្ធភាព។
លោក ប៊ុន ថាឬទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងថ្ងៃដែលអាជ្ញាធរចុះរុះរើស បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ក្នុងនោះពីរនាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ និងពីរនាក់ទៀតគ្មានច្បាប់ ហើយបានបញ្ចូនទៅមន្ត្រីជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកបន្ថែមថា មូលហេតុ ដែលបណ្តាលឲ្យជនជាតិវៀតណាមទាំងនេះ អាចសាងសង់ រូបសំណាក់នេះបាន ដោយសារតែកន្លែងនោះ ស្ថិតក្នុងតំបន់ដាច់ស្រយាល។
លោក ប៊ុន ថាឬទ្ធិ អះអាងថា ក្នុងនាមជាអាជ្ញាធរ គឺមានជំហរយ៉ាងមុះមាំ ក្នុងការទប់ស្កាត់ មិនឲ្យករណីនេះ កើតឡើងជាបន្តទៀតនោះទេ ។
សូមបញ្ចាក់ថា កាលពីថ្ងៃទី០៣ មិថុនា ២០១៥ ស្ថិតនៅក្នុងភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប អាជ្ញាធរ មូលដ្ឋានសហការជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅកំទេចចោល វត្តវៀតណាមមួយកន្លែង ដែលសាងសង់ឡើងដោយគ្មានច្បាប់ទម្លាប់ បន្ទាប់ពីមានការរិះគន់ពីសំណាក់ពលរដ្ឋនិងបណ្តាញសង្គមហ្វេសប៊ុក ។ វត្ថនេះមានចម្ងាយ៧០គីឡូម៉ែត្រពីសាលាស្រុកស្វាយលើ និងមានចម្ងាយពីទីរួមខេត្តសៀមរាបប្រមាណជាង១០០គីឡូម៉ែត្រ ហើយទើបតែកើតឡើងនៅឆ្នាំ២០១៥នេះ បន្ទាប់ពីមានវត្ដមានជនជាតិវៀតណាមមួយក្រុមឡើងមកតាំងទីលំនៅ ទីនោះកាលពីឆ្នាំ២០១២កន្លងទៅ។
ករណីស្រដៀងគ្នានេះដែរ កាលពីរសៀលថ្ងៃទី០៨ មេសា កងទ័ពជើងទឹកដឹកនាំដោយលោក ទៀ វិញ បានចុះទៅរុះរើសំណង់រឹងមាំដែលមានរូបសំណាក់ព្រះនាងគង់ស៊ីអ៊ីម ដែលសាងសងខុសច្បាប់ ដោយជនជាតិវៀតណាម ម្តងរួចមកហើយនៅក្នុងខេត្តកោះកុង ហើយគេក៏សង្កេតឃើញថា ក៏មានការសាសង់រូបសំណាក់មួយចំនួន ដោយខុសច្បាប់ លើភ្នំបូគោ ដោយជនជាតិវៀណាមជាដើម។
សូមបញ្ចាក់ថា គណៈកម្មការទី ៧ នៃរដ្ឋសភា ក៏គ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទៅសាកសួរជុំវិញករណីជនជាតិវៀតណាមសង់រូបសំណាកនេះ ផងដែរ។
ដោយលោក វ៉ន់ សុខាន់
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!