ទូតចិន អះអាងថា រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានមូនិធិពិសេស មេគង្គ-ឡានឆាង ចំនួន ៥៥គម្រោង ក្នុងទំហំទឹកប្រាក់លើស២០លានដុល្លារ
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពី មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លោក វ៉ាង វិនធាន អះអាងថា ភាគីកម្ពុជាទទួលបានគម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចំនួន ៣ឆ្នាំជាប់ៗគ្នា ដែលមានចំនួន ៥៥គម្រោង ក្នុងទំហំទឹកប្រាក់សរុបលើសពី ២០លានដុល្លារសហរដ្ឋអាមេរិក ។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា នេះមិនត្រឹមតែបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ និងលក្ខណៈពិសេសជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នោះទេ ប៉ុន្តែក៏បានបង្ហាញឲ្យឃើញពីសមិទ្ធផលខ្ពស់ នៃកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរ កម្ពុជា-ចិន ផងដែរ ។
លោកឯកអគ្គរដ្ឋទូត ជឿជាក់ថា ភាពជោគជ័យ នៃការអនុវត្តគម្រោងទាំងនេះ នឹងចូលរួមជាកម្លាំងក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាជន ជួយពន្លឿនការអភិវឌ្ឍលើគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គម នៃប្រទេសកម្ពុជា ទៀតផង ។
នៅក្នុងឳកាសនោះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានគាំទ្រដល់គម្រោងចំនួន ២០ ដែលបានស្នើដោយភាគីកម្ពុជា នៅក្នុងឆ្នាំ២០២០ នេះ ដោយលោក ប្រាក់ សុខុន ជឿជាក់ថា គម្រោងដែលបានលើកឡើងខាងលើនេះ នឹងជួយជម្រុញការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ដែលរួមមាន វិស័យធនធានទឹក កសិកម្ម វប្បធម៌ ជាដើម។
លោករដ្ឋមន្ត្រី បន្តថា ភាគីកម្ពុជារីករាយសហការយ៉ាងស្អិតរមួតជាមួយភាគីចិន ក៏ដូចជាបណ្ដាប្រទេសដែលជាសមាជិក ក្នុងការរួមគ្នាជម្រុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង អោយទទួលបានសមិទ្ធផលផ្លែផ្កាកាន់តែច្រើនថែមទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!