អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា កោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះវីរៈភាពរបស់ប្រតិបត្តិករបោសសម្អាតមីន
នៅរសៀលថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២០ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា
អមដំណេីរដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងថ្នាក់ដឹកនាំអាជ្ញាធរមីន បានបន្តចុះសំណេះសំណាលសួរសុខទុក្ខប្រតិបត្តិករបោសសំអាតមីន នៃអង្គការហេឡូត្រាស នៅភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
លោក លី ធុជ ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានអាជ្ញាធរមីន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជូនចំពោះបុគ្គលិកបោសសម្អាតមីនរបស់អង្គការហាឡូត្រាស ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការងារបោសសម្អាតមីន ដេីម្បីផ្តល់នូវដីមានសុវត្ថិភាពសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន វត្តអារាម និងដាំដុះដំណាំកសិកម្ម។
លោកទេសរដ្ឋមន្ត្រី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះវីរៈភាពរបស់ប្រតិបត្តិករបោសសំអាតមីនទាំងអស់ និងបានស្នេីសុំអោយប្រតិបត្តិករត្រូវបន្តពង្រឹងនូវជំនាញសមត្ថភាពរបស់ខ្លួនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដេីម្បីពន្លឿនកិច្ចប្រតិបត្តិការបោសសម្អាតមីនសម្រេចអោយបានតាមផែនការយុទ្ឋសាស្ត្រជាតិវិស័យសកម្មភាពមីន ២០១៨- ២០២៥៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!