រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២១-២០២៣
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២១-២០២៣ ដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋាន ព្រមទាំងមន្ត្រីអង្គភាពថវិកា ចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងកិច្ចប្រជុំ លោក ម៉ៅ ហាវណ្ណាល់ បានផ្តល់អនុសាសន៏ចំនួន ០៧ ចំនុចដូចខាងក្រោម៖
១-បង្កើតសកម្មភាពសម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលរកឃើញដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ រួមមាន ក-ការធ្វើបទប្បញ្ញាត្តិសម្រាប់ពង្រឹងសុវត្ថិភាព និងសន្តិសុខអាកាសចរ ខ- ការបំពាក់ឧបករណ៏ចាំបាច់ គ - ស្របតាមភាពចាំបាច់របស់នាយកដ្ឋាន
២-ការលើកថវិកាចំណាយត្រូវឈរលើគោលការសន្សំសំចៃ
៣-ការរៀបចំថវិកាត្រូវផ្អែកលើអាទិភាពស្របតាមចរាចរណែនាំរបស់រដ្ឋាភិបាល
៤-ថវិកាចំណាយគឺត្រូវបានកាត់បន្ថយ ៥០%
៥-ថវិកាបេសកម្មក្រៅប្រទេស ត្រូវកាត់បន្ថយ
៦-ប្រាក់បំណាច់មិនត្រូវបានដំឡើងទេ និង
៧-មិនមានការផ្តល់ប្រាក់ឧបត្ថម (ចូលឆ្នាំ និងភ្ជុំបិណ្ឌ)
លើសពីនេះ លោក ម៉ៅ ហាវណ្ណាល់ បានសំណូមពរ ៤ចំនុចសំខាន់ៗ ដល់អង្គប្រជុំ រួមមាន៖
១-គ្រប់នាយកដ្ឋានត្រូវរៀបចំផែនការថវិកាឱ្យទាន់ពេលវេលាកំណត់
២-ត្រូវធ្វើអាទិភាពថវិកាចំណាយចាំបាច់
៣-តាមនាយកដ្ឋានត្រូវមានការពិភាក្សាជាមួយគ្រប់ការិយាល័យជំនាញ
៤-សូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់គួររក្សាគំលាគ និងអនាម័យគ្រប់ពេលវេលា សម្រាប់ការបង្ការ ការរាលដាល ជំងឺ COVID19 ដែលអាចកើតឡើងជាយថាហេតុ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!