កម្ពុជា ចុះកិច្ចព្រមព្រៀម លើទឹកប្រាក់ ១៥,៨ លានដុល្លារ ជាមួយរដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលស៊ុយអែដ
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលស៊ុយអែដ លើកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានសរុបចំនួន ១៥,៨ លានដុល្លារអាមេរិក សម្រាប់គាំទ្រដំណើរការអនុវត្តផែនការអនុវត្តបីឆ្នាំ ដំណាក់កាលទី២ឆ្នាំ ២០១៥-២០១៧ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីភាគីកម្ពុជារួមមានតំណាងក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គជអប និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ដែលមានឯកអគ្គរាជទូតស៊ុយអែដ នាយកការិយាល័យទីភ្នាក់ងារអភិវឌ្ឍសហប្រតិបត្តិការស្វីស ឯកអគ្គរដ្ឋទូតនៃសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ប្រធានអភិវឌ្ឍន៍សហប្រតិបត្តិការ SIDA ដែលសរុបប្រមាណជា៣៨ រូប។
ដោយវិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!