រដ្ឋមន្រ្តីក្រសួងផែនការ បើកកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាង របាយការណ៍វឌ្ឍនភាព ឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យនិងផ្តល់ការឯកភាពលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) ២០១៦-២០៣០ ដោយមានការចូលរួមពីលោកស្រី ផូលីន ថាមេស៊ីស ប្រធានអ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន តំណាងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សាកលវិទ្យាល័យ ផ្នែកឯកជន ផងដែរ។
លោក ឆាយ ថន បានថ្លែងថា កាលពីឆ្នាំ២០១៨ កម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំ និងអនុម័តក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដែលជាឯកសារមួយបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកអនុវត្តធ្វើឱ្យសម្រេចបាន គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសាកល ជាមួយបណ្តាប្រទេសនានាលើសាកលលោក។ មកដល់ថ្ងៃនេះ កម្ពុជាអនុវត្តបានជាងមួយឆ្នាំហើយ ហើយក៏ជាពេលវេលាសម្រាប់បង្ហាញពីលទ្ធផលដែលទាំងអស់គ្នាខិតខំប្រឹងប្រែងរៀបចំនិងកំណត់សកម្មភាពសម្រាប់ អនុវត្តឆ្ពោះទៅសម្រេចនូវចំណុចដៅនានា ដែលបានកំណត់នៅតាមឆ្នាំនីមួយៗនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ។
លោក ឆាយ ថន បន្តថា ការត្រួតពិនិត្យពីលទ្ធផលនៃការអនុវត្តនេះ ត្រូវបានរៀបចំម្តងរួចហើយ តាមរយៈ របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (Voluntary National Review---VNR) ឆ្នាំ២០១៩ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្ហាញនៅវេទិកានយោបាយកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៩ និងទទួលបានការកោតសរសើរពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាសមាជិកនានា លើលទ្ធផលដែលខិតខំសម្រេចបានរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែដោយសារពេលវេលានៃសម្រាប់រៀបចំ VNR គឺត្រូវបានរៀបចំនៅដើមឆ្នាំ២០១៩ ធ្វើឱ្យពុំមានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់ពេញឆ្នាំសម្រាប់របាយការណ៍នោះ។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដើម្បីទទួលបានទិន្នន័យពេញលេញសម្រាប់ការវាយតម្លៃ ទើបក្រសួងផែនការផ្តួចផ្តើមរៀបចំរបាយការណ៍នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា សម្រាប់ឆ្នាំ២០១៩ នេះដោយគ្រោងនឹងបញ្ចប់របាយការណ៍នេះ នៅចុងត្រីមាសទី១ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ ត្រូវបានពិភាក្សានេះនៅកម្រិតបច្ចេកទេសម្តងរួចហើយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ និង តាមស្មារតីនៃកិច្ចប្រជុំនេះ ក្រសួងផែនការបានទទួលបន្ថែមនូវព័ត៌មាននិងទិន្នន័យពីក្រសួង ស្ថាប័នសម្រាប់បំពេញបន្ថែមនូវចំណុចខ្វះចន្លោះ។ ទោះជាដូចនេះក្តី នៅមានក្រសួងខ្លះនៅមិនទាន់បានផ្តល់ធាតុចូលដែលនៅខ្វះចន្លោះនៅឡើយ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានសំណូមពរផងដែរ អោយពិចារណាដាក់បញ្ចូលនូវវិធានការគោលនយោបាយថ្មីមួយចំនួនសម្រាប់អនុវត្តក្នុងស្ថាប័ន ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងត្រូវអនុវត្តបន្តរហូតដល់ជំងឺនេះត្រូវបានបញ្ចប់ទៅវិញ។ វិធានការក៏ដូចជាគោលនយោបាយទាំងនេះ ក៏នឹងអាចជួយតម្រង់ទិសនៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី ឆាយ ថន បានជឿជាក់ថា របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជានេះ នឹងអាចផ្តល់ជាមូលដ្ឋានគន្លឹះសម្រាប់រួមចំណែកធ្វើសេចក្តីសម្រេចចិត្តនានា និងការកំណត់ចេញនូវបណ្តាគោលនយោបាយ យុទ្ធសាស្រ្ត និងសកម្មភាព ឱ្យបានល្អប្រសើរសម្រាប់អនុវត្តឱ្យសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា នៅឆ្នាំ២០៣០។
នៅក្នុងនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះ លោក លោកស្រី តំណាងឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការផ្តល់នូវធាតុចូល និងព័ត៌មានមូលដ្ឋាននានា ក៏ដូចជាការផ្តល់អនុសាសន៍លើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានេះ ជាពិសេសថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ ជាពិសេសគ្រួសារនៃអង្គការសហប្រជាជាតិ ដែលមានការិយាល័យ តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNRC) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ព្រមទាំងដៃគូអភិវឌ្ឍនិងអ្នកដែលមានចំណែកពាក់ព័ន្ធផ្សេងទៀត ដែលបាន សហការគ្នាយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ននានា ក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសក្នុងដំណើរការរៀបចំធាតុចូលផ្តល់មកក្រសួងផែនការ សម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!