សត្វស្វាត្រោស១ក្បាលត្រូវបានលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមលែងសត្វស្វាត្រោសចំនួន ១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ។
សត្វស្វាត្រោស ១ក្បាលនេះ ត្រូវបានក្រុមការងារអនុវត្តច្បាប់ចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកបានពីលោក ជឹម ផន្នី ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈលោកជួយសង្រ្គោះបានពីការតាមប្រម៉ាញ់ ហើយបានទំនាក់ទំនងទៅកាន់មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យមកទទួលដើម្បីការពារ អភិរក្ស ថែទាំសុខភាព និងលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។
ក្នុងឱកាសនោះ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់មន្រ្តីឧទ្យានុរក្ស ដែលបានសហការជាមួយមន្រ្តីល្បាតនៃអង្គការ WWF ដែលបានខិតខំការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសបានអប់រំចំណេះដឹងបរិស្ថាន និងបានចូលរួមថែទាំសុខភាពសត្វព្រៃ ដែលដកហូតបានពីបទល្មើសធនធានធម្មជាតិ និងទទួលបានពីប្រជាពលរដ្ឋប្រគល់ជូនដោយស្ម័គ្រចិត្ត ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។
លោកស្រីរដ្ឋលេខាធិការ បានលើកទឹកចិត្តផងដែរ ឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអភិរក្សសត្វព្រៃ ដើម្បីរក្សាការពារ និងបន្តពូជពង្សកូនសម្រាប់ឲ្យមនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!