រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា
«ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា»។ នេះគឺជាគូសបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តរតនគិរី ។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានព្រមានថា អាជ្ញាធរមូលដ្ឋានដែលមានតួនាទីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដីរំលោភទន្ទ្រានទាំងនោះឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ ។
លោក សាយ សំអាល់ បានគូសបញ្ជាក់ថា នៅខេត្តរតនគិរី មានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់កើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានខ្លះ ដូចជាមេភូមិ មេឃុំ ជាដើម ដែលនៅបន្តបំពានច្បាប់ចុះហត្ថលេខាលើលិខិតទិញ និងលក់ដី និងការចុះហត្ថលេខាបញ្ជាក់ពីការកាន់កាប់ដី ដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសារួចមកហើយពីសំណាក់មន្ត្រីជំនាញយ៉ាងណាក៏ដោយ ដែលនេះ ចាំបាច់ត្រូវតែអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការរំលោភបំពាននេះ ។
លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជនដែលរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋ តែងតែត្រូវបានប្រឈមមុខចំពោះច្បាប់ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន ពិតជាសប្បាយរីករាយក្រៃលែងនៅពេលឃើញប្រជាពលរដ្ឋមានជីវភាពធូរធារ ប៉ុន្តែត្រូវធ្វើយ៉ាងណាស្របតាមច្បាប់ ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ បានប្រកាសថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋខ្វះដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងឃុំ ស្រុក ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោងដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ។
លោករដ្ឋមន្ត្រី បានថ្លែងថា ត្រូវញែកឱ្យដាច់រវាងការឆ្វៀលដីភូមិដ្ឋានចាស់ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងស្នើសុំកាត់ឆ្វៀលដី ដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
នៅក្នុងនោះ លោករដ្ឋមន្ត្រី ក៏បានព្រមានទុកជាមុនថា ករណីស្នើសុំកាត់ឆ្វៀលដី ដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!