ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងខ្លាំង នៅទូទាំងប្រទេស
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងធនធានទឹក បញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពលលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ ៖
១.បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C
សីតុណ្ហភាពអតិបរមាមានពី ២៩-៣១°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំង។
២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C
សីតុណ្ហភាពអតិបរមាមានពី២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។
៣.បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមាមានពី២៥-២៧°C
សីតុណ្ហភាពអតិបរមាមានពី ២៧-២៩°C
នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមសាធារណជន ជាពិសេសអ្នកដំណើរសមុទ្រ និងប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះរលកសមុទ្រខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!