ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី ស្ដីពីជំងឺកូវីដ១៩
នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី តាមរយៈប្រព័ន្ធវីដេអូ ស្ដីពី ជំងឺឆ្លងកូវីដ ១៩ ។
កិច្ចប្រជុំនេះ បានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការក្នុងការសហការសង្គ្រោះបន្ទាន់លើផ្នែកសុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយផ្ដោតលើវិស័យចំនួន ៣ ដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម ជាអាទិ៍មាន ៖ សន្តិសុខផ្នែកសុខភាព ស្ថិរភាព និងការស្ដារឡើងវិញផ្នែកសេដ្ឋកិច្ច ។
នៅក្នុងនោះ ដើម្បីឆ្លុះបញ្ចាំងពីកម្ពស់នៃភាពជាដៃគូរយុទ្ធសាស្ត្រអាស៊ាន-អូស្ត្រាលី ភាគីទាំងពីរ បានប្ដេជ្ញាចិត្តធ្វើការរួមគ្នាអោយកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអនុវត្តន៍អោយបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពអាស៊ាន-អូស្ត្រាលី ២០២០-២០២៤ ដើម្បីកសាងការឆ្លើយតបតំបន់មួយ ដែលអាចកាត់បន្ថយបាននូវផលប៉ះពាល់លើវិស័យសុខាភិបាល និងសេដ្ឋកិច្ច-សង្គម ដែលបណ្ដាលមកពីជំងឺឆ្លង និងដើម្បីគាំទ្រគ្នាទៅវិញទៅមក នៅក្នុងដំណាក់កាលជាសះស្បើយឡើងវិញ ។
ទន្ទឹមនឹងនេះ កិច្ចប្រជុំ ក៏បានពិភាក្សាអំពីវិធានការនានា ដើម្បីធានានូវស្ថិរភាពសេដ្ឋកិច្ច និងភាពរឹងមាំស្អិតរមួត ក្នុងការឆ្លើយតបការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩ ក៏ដូចជាការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាខ្សែចង្វាក់ផ្គត់ផ្គង់អោយបើកចំហ ដើម្បីធានាអោយបាននូវលំហូរទំនិញចាំបាច់សំខាន់ៗ ដូចជា ស្បៀងអាការ ឳសថ និងសម្ភារៈប្រើប្រាស់ចាំបាច់នានា ។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានឯកភាពគ្នាធ្វើកិច្ចសហការជាមួយអង្គការអន្តរជាតិពាក់ព័ន្ធនានា ជាពិសេសអង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួន និងការឆ្លើយតបរួមគ្នាចំពោះជំងឺរាតត្បាត និងទប់ស្កាត់ផលប៉ះពាល់ក្នុងរយៈពេលវែង ដោយរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្រ្ដាលី បានធ្វើការផ្លាស់ប្ដូរទស្សនៈ អំពីបទពិសោធន៍ និងឧត្តម្មានុវត្តន៍ របស់ប្រទេសនីមួយៗក្នុងការទប់ស្កាត់ បង្ការ និងគ្រប់គ្រងកូវីដ ១៩ នេះ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានចែករំលែកទស្សនៈមួយចំនួន ផងដែរ រួមមាន ៖
- អាស៊ានបានធ្វើការយ៉ាងសកម្ម ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងការឆ្លើយតបជាសមូហភាព ដែលមិនត្រឹមតែធ្វើការឆ្លើយតបរវាងបណ្តាប្រទេសសមាជិកអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយដៃគូខាងក្រៅទៀតផង។ ដំណោះស្រាយដែលប្រកបដោយបុរេសកម្មរបស់អាស៊ាន អាចផ្ញើសារយ៉ាងច្បាស់មួយថា នៅក្នុងពេលមានវិបត្តិ សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើនការសម្របសម្រួល និងការឆ្លើយតបរួមគ្នា ក៏ដូចជាសាមគ្គីភាពជាអន្តរជាតិ។
- អាស៊ាន និងអូស្រ្តាលី ត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ចចំពោះការឆ្លងរលកទីពីរនៃជំងឺរាតត្បាតនេះ ខណៈដែលបណ្តាប្រទេសទាំងឡាយកំពុងចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវរៀងៗខ្លួន ដើម្បីបន្ធូរបន្ថយការរឹតបណ្តឹងចំពោះជំងឺកូវីដ-១៩។ យើងទាំងអស់គ្នាត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកម្ចាត់ជំងឺរាតត្បាតនេះជាមួយគ្នាលើគ្រប់ផ្នែកទាំងអស់ ស្របតាមការប្តេជ្ញាចិត្តរួមគ្នានៅមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣។
- ជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ សកម្មភាពជាក់ស្តែងអាចត្រូវបានសម្រេច តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅពេលវេលាដ៏ឆាប់ខាងមុខ។
- អាស៊ាន និងអូស្រ្តាលីគួរតែសហការគ្នានៅគ្រប់កម្រិត ដើម្បីអភិវឌ្ឍ ធ្វើតេស្ត និងបង្កើនផលិតកម្មឱសថ និងវ៉ាក់សាំងការពារ សម្រាប់ជំងឺរាតត្បាតកូវីដ-១៩នេះ ឱ្យបានប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដោយធានាថា ប្រជាពលរដ្ឋដែលមានសេចក្តីត្រូវការ អាចមានឱកាសទទួលបានទាន់ពេលវេលានូវឱសថ និងវ៉ាក់សាំងទាំងនេះ ដោយគ្មានការរារាំង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!