លោកនាយករដ្ឋមន្រ្តី បញ្ជាអោយកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ
នៅថ្ងៃទី ៣ កក្កដា ២០២០ នេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារ ជាដើម…ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា កន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ ដោយតាមពិតនេះ គឺមានប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ ។ ដូច្នេះ រដ្ឋត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីទាំងនោះ ដែលនេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ ដោយលោកបញ្ជាក់ថា កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។
តែយ៉ាងណាក្ដី លោកនាយករដ្ឋមន្ត្រី ក៏អំពាវនាវ សូមកុំអោយប្រជាពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមន៍ខ្លះនៅជិតៗ ដើម្បីជាប្រយោជន៍សហគមន៍រស់នៅ ផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញអោយក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ត្រូវដោះស្រាយអោយដាច់ស្រេច ក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើអោយបានហ្មត់ចត់ និងត្រឹមត្រូវបំផុត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!