អភិបាលខេត្តព្រៃវែង ស្នើចាត់វិធានការច្បាប់ចំពោះផលិតកម្ម មរតក មេឌៀ ពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់ បង្កឱ្យមានការរើសអើង
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានស្នើដល់លោកស្រី ភឿង សក្កុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យចាត់វិធានការលើផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលបានផលិតវីដេអូចម្រៀង មានខ្លឹមសារប្រមាថដល់អ្នកខេត្តព្រៃវែង។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តព្រៃវែង ផ្ញើរជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
នៅក្នុងលិខិតរបស់លោក ជា សុមេធី បានលើកឡើងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ផលិតកម្ម មរតក មេឃុំ (Morodok Media) បានបង្ហោះឃ្លីបវីឌី បទចម្រៀង «អ្នកព្រៃវែងរអាក្រក់ត្រង់ណា» ក្នុងបណ្ដាញផ្សព្វផ្សាយសង្គម Page: Morodok Media និងបណ្ដាញយូធូប(YouTube) ដែលក្នុងខ្លឹមសារ និងរូបភាពនោះ បាននិយាយថា «អ្នកព្រៃវែង សុទ្ធតែអ្នកមិនល្អ ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន និងជាអ្នកក្រ» ។
លោកអភិបាលខេត្តព្រៃវែង បានចាត់ទុកអត្ថន័យ និងឃ្លីបវីឌីអូ នៃបទចម្រៀងនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសតិអារម្មណ៍ ប្រជាពលរដ្ឋខេត្តព្រៃវែង ,ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងអយុត្តិធម៌ មកលើប្រជាពលរដ្ឋខេត្តព្រៃវែង និងបង្កើតនូវការរើសអើងយ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង រួមទាំងជាសកម្មភាពវិទ្ធង្សនាវប្បធម៌យ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាជាតិកម្ពុជា ផងដែរ ។
ដោយផ្អែកតាមខ្លឹមសារខាងលើនេះ រដ្ឋបាលខេត្តព្រៃវែង សូមស្នើសុំ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់វិធានការច្បាប់ចំពោះផលិតកម្ម មរតក មេឌៀ ជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់ បង្កឱ្យមានការរើសអើង និងប្រព្រឹត្តបទល្មើស ហើយផលិតកម្ម មរតក មេឌៀ ត្រូវលុបឃ្លីបវីឌីអូ និងធ្វើការបកស្រាយសុំទោសជាសាធារណៈ ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!