រសៀលថ្ងៃទី ០៦នេះ ក្រសួងផែនការ នឹងបើកកិច្ចប្រជុំ ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩
នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងផែនការ នឹងបើកកិច្ចប្រជុំ ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ ក្រោមវត្តមានលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ដោយកិច្ចប្រជុំនេះ ក៏នឹងពិនិត្យមើលភាពមិនប្រក្រតីនៃការផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រ ការដាក់ចេញនូវវិធានការមួយចំនួន ដូចជា ៖
- ផ្តល់បណ្ណសមធម៌ជូនដល់គ្រួសារក្រីក្រពិតប្រាកដតែប៉ុណ្ណោះ ដោយមិនរើសអើង ស្របតាមនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងធ្វើការដកបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរ
- ណែនាំបន្ថែមដល់មន្ទីរផែនការរាជធានីខេត្ត ដើម្បីឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ
- ករណីក្រុមប្រឹក្សាឃុំ សង្កាត់ជួបនូវបញ្ហាមិនប្រក្រតីណាមួយ ដែលមិនអាចដោះស្រាយបាន ត្រូវទំនាក់ទំនងសហការជាមួយមន្ទីរផែនការរាជធានីខេត្ត ដើម្បីដោះស្រាយលើបញ្ហានេះ។
ជាមួយគ្នានេះដែរ ក្រសួងផែនការ នឹងចូលរួមពិនិត្យដោះស្រាយទៅលើភាពមិនប្រក្រតីទាំងនោះ ហើយអាចធ្វើការបង្ខាំងបណ្ណសមធម៌របស់គ្រួសារដែលមានជីវភាពប្រសើរ ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រមិនឲ្យប្រើបាន។
ក្រសួងផែនការ សង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ចូលរួមសហការជាមួយគ្នាបន្ថែមទៀត អោយទទួលបានលទ្ធផលកាន់តែគាប់ប្រសើរ ស្របតាមការផ្តល់សេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាលចំពោះទាំងអស់គ្នា ដើម្បីឲ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩នេះ បានសម្រេចជោគជ័យ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!