ក្រសួងមហាផ្ទៃ និងសង្គមស៊ីវិល ចេញសេចក្ដីប្រកាសរួម ស្ដីពីកិច្ចប្រជុំធ្វើវិសោធនកម្មច្បាប់ ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រុមការងាររបស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ចេញសេចក្ដីប្រកាសរួម ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។
តាមរយៈសេចក្ដីប្រកាសរួមរបស់ក្រុមការងាររបស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានឲ្យដឹងថា ផ្អែកលើលទ្ធផល នៃវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល លើកទី៣ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កន្លងមក តំណាងអង្គការសង្គមស៊ីវិលប្រមាណ៥០០ បានស្នើសុំឲ្យរាជរដ្ឋាភិបាល ធ្វើការពិនិត្យ និងពិចារណាលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ដោយផ្អែកលើមូលដ្ឋាននេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលការដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើកសំណើធ្វើវិសោធនកម្មច្បាប់នេះ ដោយបានចាប់ផ្ដើមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ដែលជាកិច្ចប្រជុំលើកទី៦ និងជាលើក ចុងក្រោយផងដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំកន្លងមក ក៏ដូចជានាថ្ងៃនេះ ក្រុមការងារបានពិភាក្សា និងពិគ្រោះយោបល់លើមាត្រាចំនួន១៧ រូមមាន៖ មាត្រា១ ,មាត្រា៣ ,មាត្រា៤ ,មាត្រា៧ ,មាត្រា៨, មាត្រា៩ ,មាត្រា១០ ,មាត្រា១១ ,មាត្រា២០ ,មាត្រា២៤ ,មាត្រា២៥ ,មាត្រា២៦ ,មាត្រា២៧ ,មាត្រា៣០ ,មាត្រា៣១ ,មាត្រា៣២ និងមាត្រា៣៥។
នៅក្នុងនោះដែរ ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ក៏បានប្ដេជ្ញាថា នឹងរៀបចំនូវកិច្ចប្រជុំពិគ្រោះ យោបល់បន្ដទៀត ជាមួយតំណាងអង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សូមជម្រាបថា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្តកិច្ចប្រជុំលើកទី៦ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើសំណើរបស់អង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដឹកនាំដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!