អូស្ត្រាលីបន្តគាំទ្រវិស័យមីន នូវទឹកប្រាក់ប្រមាណ ៧,៦ លានដុល្លារអូស្ត្រាលី ចាប់ពីឆ្នាំ២០២០-២០២៤
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសជំនួបទទួលទានអាហារការងារជាមួយ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបង្ហាញការគាំទ្រ និងប្តេជ្ញាបន្តជួយដល់ការងារបោសសម្អាតមីន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។
លោកឯកអគ្គរាជទូតអូស្ត្រាលី លើកឡើងថា ចាប់ពីឆ្នាំ២០២០-២០២៤ អូស្ត្រាលី ផ្តល់ជំនួយថវិកាចំនួន ៧,៦ លានដុល្លារអូស្ត្រាលី តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមជាដៃគូដ៏មានសារៈសំខាន់មួយ និងរួមចំណែកយ៉ាងធំធេងក្នុងការគាំទ្រដល់ការងារអភិវឌ្ឍន៍ និងវិស័យសកម្មភាពមីននៅកម្ពុជា ។
សួមជម្រាបថា អូស្រ្តាលីបានគាំទ្រថវិកាបោសសម្អាតមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩៤ មកម្លេះ ដែលមានចំនួនថវិកាជាង ១០០លានដុល្លារអូស្រ្តាលី ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!