សង្គមស៊ីវិលរិះគន់ បទបញ្ជា ០១ របស់រដ្ឋាភិបាល
សំឡេង៖
នាយកប្រតិបត្តិអង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា បទបញ្ជា ០១ របស់រដ្ឋាភិបាល បានផ្តល់ឱកាស ឲ្យពលរដ្ឋ ទទួលបានប្លង់កម្មសិទ្ធិលើដីរបស់ខ្លួន។ តែបទបញ្ជានេះ ហាក់បង្កភាពច្របូកច្របល់ក្នុងការដោះស្រាយដី នៅតំបន់ មានជម្លោះ។ តែចំពោះបញ្ហានេះ អគ្គនាយករងសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងដែនដីនគររូបនីយកម្ម និង សំណង់ បដិសេធថា បញ្ហានេះ មកពីគ្មានការចូលរួមពីប្រជាពលរដ្ឋ។
របាយការណ៍ជិត ៣០០ ទំព័រ ជាភាសារអង់គ្លេស ដែលបង្ហាញពីភាពវិជ្ជមាន និងអវិជ្ជមានរបស់រដ្ឋាភិបាល ក្នុងការអនុវត្តបទបញ្ជា ០១ លើគោលនយោបាយចាស់សកម្មភាពថ្មី សម្រាប់ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ បានប្រកាសផ្សព្វផ្សាយ នាព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែមិថុនានេះ នៅភោយនីយដ្ឋានទន្លេបាសាក់២ ។
បើតាមរបាយការណ៍ ដែលបង្ហាញពីភាពជោគជ័យរបស់រដ្ឋាភិបាល គឺការវាស់វែង និងបិទផ្សាយ ជាង៧១ ម៉ឺនក្បាលដី ស្មើនឹង១,២ លានហិកតា ពាក់ព័ន្ធនឹងពលរដ្ឋចំនួន ៤០ ម៉ឺនគ្រួសារ ក្នុងនោះបានផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋជាង ៦០ ម៉ឺនប័ណ្ណ។ ចំពោះភាពអវិជ្ញាមានវិញ របាយការណ៍បង្ហាញថា ការចុះវាស់វែង មានអំពើពុករលួយ មានការលាក់បាំងនូវព័ត៌មាន និងទិន្នន័យមួយចំនួន មិនត្រឹមតែប៉ុណ្ណោះ បទបញ្ជា០១ នេះ បានធ្វើឲ្យមានភាពស្មុកស្មាញយ៉ាងខ្លាំង ចំពោះតំបន់ដែលមានជម្លោះ និងក្នុងតំបន់សហគមន៍ជនជាតិដើមភាគតិច ជាដើម។
ជុំវិញបញ្ហានេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការមិនមែនរដ្ឋាភិបាលបានថ្លែងក្នុងសិក្ខាសិលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ ស្តីពីបទបញ្ជា ០១នេះថា បទបញ្ជា ០១ របស់រដ្ឋាភិបាល បានចូលរួមចំណែកដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាច្រើន តែបញ្ហានេះ ក៏ធ្វើឲ្យអ្នករងគ្រោះដីធ្លី មួយចំនួន និងសហគមន៍ជនជាតិដើមភាគតិច រងគ្រោះ។
បន្ថែមលើនេះ លោក ក៏បានផ្តល់ជាអនុសាសន៍ជាច្រើន ដល់រដ្ឋាភិបាល ក្នុងការបន្តអនុវឌ្ឈ ឬគ្រប់គ្រងបញ្ហាដីធ្លីនៅកម្ពុជា ដូចជា ផ្សព្វផ្សាយនូវតារាងសម្បទានដីសេដ្ឋកិច្ច ដែលបានលុបចេញដោយបទបញ្ជា ០១ ឲ្យបានច្បាស់លាស់ រួមទាំងបន្តការស៊ើបអង្គេត និងលុបចោលនូវសម្បទានដីឲ្យមានប្រសិទ្ធភាព ចំពោះក្រុមហ៊ុនណា ដែលរំលោភច្បាប់។
លោក មាស នី អ្នកស្រាវជ្រាវឯករាជ្យ ដែលជាអ្នកដឹងនាំក្នុងការស្រាវជ្រាវរបាយការណ៍នេះ បានលើកឡើងដែរថា ការចុះវាស់វែងរបស់ក្រុមនិស្សិតស្ម័គ្រចិត្ត តាមបទបញ្ជា ០១ គឺជារឿងមួយ ដ៏រសើប ព្រោះបើទោះជាបានដោះស្រាបញ្ហាខ្លះក៏ពិតមែន ដោយបានផ្តល់ផលប៉ះពាល់ជាច្រើន។ ជាងនេះទៅទៀ ការចុះសិក្សាស្រាវជ្រាវអំពីគោលនយោបាយនេះ ក៏មានឧបសគ្គផងដែរ ដូចជាការរារាំងពីសមត្ថកិច្ចជាដើម។
លោក សួន សូផា អគ្គនាយករងសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានថ្លែងគាំទ្រចំពោះបទបញ្ជា០១របស់រដ្ឋាភិបាលថា ពិតជាបានជួយដោះស្រាយបញ្ហាជាច្រើន នៅតាមតំបន់មានជម្លោះ ដើម្បីកាត់បន្ថាយភាពក្រីក្រជូនពលរដ្ឋ។ លោកមានប្រសាសន៍បន្តថា គោលនយោបាយរបស់រដ្ឋាភិបាលមិនហាមឃាត់ចំពោះភាគភាគីពាក់ព័ន្ធក្នុងការចូលរួមនោះទេ ហើយគ្រប់នីតិវិធីទាំងអស់ ក៏គ្មានអ្វីជាអាដកំបាំងដែរ។
កន្លងទៅ ការចុះវាស់វែងដីដោយក្រុមនិស្សិត បានសម្រេចលទ្ធផលខ្លះ តែវាបានកើតឡើងបញ្ហាជាច្រើនទៅលើប្រជាពលរដ្ឋមួយចំនួនផងដែរ នេះបើតាមសង្គមស៊ីវិលសង្គេតឃើញ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!