រយៈពេល៦ខែដើមឆ្នាំ២០២០ ក្រសួងបរិស្ថាន បានដោះអន្ទាក់ចំនួនជាង ២ម៉ឺនអន្ទាក់ ពីក្នុងតំបន់ការពារធម្មជាតិ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ការដោះអន្ទាក់គ្រប់ប្រភេទចេញពីតំបន់ការពារធម្មជាតិ នៅក្នុងេយៈពេល ៦ខែឆ្នាំ២០២០ ( ខែមករា ដល់ខែមិថុនា) អន្ទាក់សរុបចំនួន ២០ ១៧៩ អន្ទាក់ ត្រូវបានដោះយកចេញ បើធៀបនៅឆ្នាំ ២០១៩កន្លងទៅ អន្ទាក់ចំនួនជាង៤ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពី តំបន់ការពារធម្មជាតិ ។
ការលើកឡើងរបស់លោក នេត្រ ភក្ត្រា ធ្វើឡើងក្នុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអ្ន កសារព័ត៌មាន ទៅកាន់ស្នាក់ការល្បាតស្ទឺងព្រាត់ក្នុងឧទ្យានជាតិភ្នំក្រវាញខាងត្បូង ស្ថិតក្នុស្រុកថ្មបាំង ខេត្តកោះកុងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
លោក នេត ភក្រ្តា បានបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទាក់ចំនួន ៣២ ៣២២ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ ខែចុងក្រោយ នេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០)។
អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុត។ អន្ទាក់កាន់តែមានសភាពគ្រោះថ្នាក់ឡើងនៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គុសនីដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។ អន្ទាក់ គឺជា ឃាតកលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជ ពីលើផែនដី ។
លោក នេត ភក្ត្រា បន្តថា ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ដោយក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យានុ រក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និងបំផ្លាញអន្ទាក់ចោល ដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។
ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬ យ កឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខ នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ។
ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ និងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការបង្កើនជីវភាព ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើង តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!