កម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន
ភាគីកម្ពុជា និងថៃ បានសន្យារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីជាប៉ុន្មានខែចុងក្រោយនេះ ការជួញដូរគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរមានការធ្លាក់ចុះក្តី ក៏ប៉ុន្តែវានៅតែបន្តគំរាមកំហែងកម្រិតខ្ពស់ដដែល។
ការប្ដេជ្ញារបស់ភាគីទាំងពីរ បានធ្វើឡើង នៅក្នុងជំនួបរវាងលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងច្រើនទាក់ទងនឹងបញ្ហាគ្រឿងញៀន នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ។
ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានថ្លែងថា បើទោះបីជាបញ្ហាមេរោគរាតត្បាតកូវិដ១៩ នៅបន្តយាយីយ៉ាងណាក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន គឺនៅតែបន្តដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ខណៈដែលប្រទេសទាំងពីរ(កម្ពុជា-ថៃ)នេះជាប្រទេសរងគ្រោះដោយសារបញ្ហាគ្រឿងញៀនដូចគ្នានោះ។
ជាមួយគ្នានេះ លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ បានលើកឡើងថា រដ្ឋាភិបាលថៃនៅតែព្រួយបារម្ភចំពោះករណីគ្រឿងញៀនទោះបីជាប៉ុន្មានខែចុងក្រោយនេះអាជ្ញាធរនៃប្រទេសទាំងពីរមានការរិតត្បិតការចេញចូលដោយសារបញ្ហាមេរោគកូវិដ១៩ក្តី ហើយក៏មិនត្រូវធ្វេសប្រហែសនោះដែរ ពីព្រោះពួកឧក្រិដ្ឋជន វាមានឱកាសគ្រប់ពេលវេលាសម្រាប់ជួញដូរពេលដែលអាជ្ញាធរមានការឆកល្វែងនោះ ។
នៅក្នុងនោះដែរ លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ បានបន្តថា ប្រទេសថៃនឹងបន្តផ្តល់ជំនួយបច្ចេកទេស និងសម្ភារៈស្រាវជ្រាវត្រួតពិនិត្យគ្រឿងញៀនដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាបន្ថែមទៀត ខណៈដែលមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដ៏ធំនៅខេត្តព្រះសីហនុដែលមានជំនួយរបស់ថៃចូលរួមសាងសង់ដែលនោះគ្រោងនឹងសម្ពោធជាផ្លូវការនាខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!