ក្រសួងការងារ ៖ ករណីសន្លប់របស់កម្មករនិយោជិត មានការថយចុះចំនួន ៤៣% នៅក្នុងឆមាសទី ១ ឆ្នាំ២០២០នេះ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩
លោក ប៉ុក វណ្ណថាត ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត បានលើកឡើងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ មានករណីកម្មករនិយោជិកសន្លប់ចំនួន ៣រោងចក្រ និងមានកម្មករនិយោជិតសន្លប់ចំនួន ២៣៩នាក់ (ស្រី២៣៩នាក់) បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៩ ដោយសង្កេតឃើញថា រោងចក្រមានការថយចុះចំនួន ៤០% និងកម្មករនិយោជិតសន្លប់មានការថយចុះ ៤៣%។
ការលើកឡើងពីបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត(ទ.ស.ប.ក) បានប្រព្រឹត្តទៅនៅសាលប្រជុំបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ។
លោក ប៉ុក វណ្ណថាត បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលនាំឲ្យមានករណីសន្លប់នៅលើកម្មករនិយោជិក គឺមានមូលហេតុរួមផ្សំមួយចំនួន ដូចជា ៖
• បញ្ហាចិត្តសាស្ត្រសង្គម ៣៤%
• បញ្ហារូបសាស្ត្រ ២២%
• បញ្ហាជីវសាស្ត្រ ២២%
• បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ ១១%
• បញ្ហាការងារបន្ថែមម៉ោង ១១% ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!