ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩នាក់ថ្មីបន្ថែមទៀត
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩នាក់ថ្មីបន្ថែមទៀត ដែលជាករណីនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកមានជំងឺកូវីដ១៩នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។ អ្នកជំងឺទាំង៩នាក់នេះ ត្រូវបានពិនិត្យរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺទាំង ៩នាក់នេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥ នាទីល្ងាច។
ក្នុងចំនួនអ្នកដំណើរ ៨០នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ សរុបមានបុរសចំនួន២៤នាក់ ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញមានអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១៦៥នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៥នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្រី៣៩នាក់ និងបុរស៩៤នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន៣២នាក់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!