ព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យ បង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព លោក ជា ស៊ីម
ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ដែលបានស្លាប់នៅរសៀលថ្ងៃទី៨មិថុនា ស្ថិតក្នុងអាយុ៨៣ឆ្នាំ។ ស្របគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់គ្រប់ស្ថាប័នទាំងអស់ អោយចូលរួមកាន់ទុក្ខជាផ្លូវការនៅថ្ងៃទី១៩មិថុនា។
ភ្លាមៗក្រោយពីលោកជាស៊ីម ប្រធានព្រឹទ្ធសភា ទទួលមរណភាពនៅរសៀលថ្ងៃទី៨មិថុនា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងព្រះរាជ្យក្រឹត្សនោះ ព្រះមហាក្សត្រ ទ្រង់បង្គាប់អោយ លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក គង សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជរាំង លោក សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា និង សមាជិក ទាំង២៣ រូបទៀត ត្រូវបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសពលោក ជា ស៊ីម ដែលទើបតែទទួលមរណភាព ដើម្បីឲ្យមានដំណើរការល្អប្រសើរ ឧត្តុង្គឧត្តម សក្ដិសមនិងឋានៈ និង កិត្តិយសរបស់លោក។
ស្របគ្នានេះ ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន ក៏បានចេញសារាចរណែនាំ ស្តីពីការប្រារព្ធពិធីកាន់ទុក្ខ លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា ដោយប្រកាសយកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ហើយគ្រប់ស្ថាប័ន សាលារៀន មន្ទីពេទ្យរដ្ឋ ឯកជនទាំងអស់ និង មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់វត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ត្រឹមមួយភាគបី នៃដងទង់ជាតិចាប់ពីលើ។ ចំណែកឯ គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសំដែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមាន លក្ខណៈសប្បាយរីករាយគគ្រឹកគគគ្រេង។
ដោយ លោក ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!