ដើមខែកក្កដា ឆ្នាំ២០២០ កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តនៅទូទាំងប្រទេសជាង ៣១ម៉ឺននាក់
រយៈពេល ២សប្ដាហ៍ ខែកក្កដា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស មានចំនួនសរុប ៣១៣,៣០០នាក់ កើនឡើង ១.៦៧% បើធៀបនឹងរយៈពេល ២សប្តាហ៍ចុង ខែ មិថុនា ។ នៅក្នុងនោះ ភ្ញៀវជាតិមានចំនួន ៣០៧,៨០៩នាក់ កើនឡើង ២.៥៤% និងភ្ញៀវបរទេសមានចំនួន ៥,៤៩១នាក់ ថយចុះ ៣០.៨៩%។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា តាមរយៈបម្រែបម្រួលភ្ញៀវទេសចរតាមសប្តាហ៍ ក្រសួងទេសចរណ៍ បានសង្កេតឃើញថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរសរុប ក៏ស្ថិតក្នុងរង្វង់ ៦០-៦៥ម៉ឺននាក់ ក្នុងមួយខែ ថយចុះ ៣៥-៤០% បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ១៩។ ស្ថិរភាពនៃចំនួនខាងលើ អាចបណ្តាលមកពីរដូវនេះជារដូវវស្សា ផងដែរ ។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ទេសចរជាយុវជនចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ទៅកាន់តំបន់អេកូទេសចរណ៍។
ចំណែកនៅខេត្តសៀមរាប ដែលធ្លាប់តែជាគោលដៅទេសចរណ៍សំខាន់ នៅមិនទាន់អាចទាក់ទាញភ្ញៀវទេសចរដូចមុនកូវីដបាននៅឡើយដែរ ដោយកម្ពុជានៅមិនទាន់អនុញ្ញាតឱ្យមានការៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជួយទាក់ទាញភ្ញៀវ ក្រៅពីទស្សនាប្រាសាទ ហើយសេវាកម្សាន្តមួយចំនួន ពិសេសនៅ Pub Street មិនទាន់មានការអនុញ្ញាតឲ្យមានដំណើរការឡើងវិញ ។
ក្នុងករណីខេត្តសៀមរាបងើបឡើងប្រហាក់ប្រហែលនឹងខេត្តផ្សេងនោះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងអាចនឹងហក់ឡើងដល់ចំណុច ៨០-៨៥% ថយចុះ ២០-២៥% ប៉ុណ្ណោះ បើប្រៀបធៀបនៅមុនពេលមាន Covid-19។
តែយ៉ាងណាក្ដី កម្ពុជា សង្ឃឹមថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងនេះនឹងហក់ឡើងខ្ពស់មកវិញនៅខែសីហា ដោយសាររាជរដ្ឋាភិបាលសម្រេចឲ្យមានថ្ងៃឈប់សម្រាករយៈពេលយូរ និងនៅខែកញ្ញាក៏ដល់រដូវបុណ្យភ្ជុំបិណ្ឌ ចំណែកឯខែបន្តបន្ទាប់ទៀតក៏សម្បូរថ្ងៃឈប់សម្រាក ហើយស្ថានភាពកូវីដ១៩ ក៏អាចនឹងកាន់តែធូរស្រាលជាងនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!