លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ចូលជួបសម្តែងការគួរសម
លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអនុញ្ញាតឲ្យ លោកស្រី លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស (H.E.Mrs. Liurka Rodriguez Barriose) ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
ក្នុងជំនួបនោះ លោកស្រី ឃួន សុដារី បានស្វាគមន៍ និងអបអរសាទរចំពោះ លោកស្រី លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកស្រី ឃួន សុដារី បានលើកឡើងថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ និងឆ្នាំ២០២០ នេះ គឺជាខួបគម្រប់៦០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា ផងដែរ ។ លោកស្រី ឃួន សុដារី គូសបញ្ជាក់ថា ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតន:កោដ្ឋ ព្រះបាទនរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ រហូតដល់ពេលបច្ចុប្បន្ននេះ ។
លោកស្រីអនុប្រធានទី២ រដ្ឋសភា បានបន្តថា គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយ និងគាំទ្រនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាច មួយចំនួននាទសវត្ស៨០ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញដោយបានបញ្ជូនជំនួយជាគ្រូពេទ្យដើម្បីមកជួយពិនិត្យ ព្យាបាលពលរដ្ឋកម្ពុជា ក៏ដូចជាជួយស្តារឡើយវិញនូវវិស័យសុខាភិបាល ដែលកម្ពុជាបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនេះសរបញ្ជាក់ពីមិត្តភាពដ៏ប្រពៃក្នុងគ្រាដែលក្រលំបាក។
ជាមួយគ្នានេះ លោកស្រីអនុប្រធានរដ្ឋសភា ក៏បានអបអរសាទរផងដែរ ចំពោះការកែសម្រួលរដ្ឋធម្មនុញ្ញថ្មីរបស់គុយបា ទៅលើការរៀបចំប្រព័ន្ធសេដ្ឋកិច្ចសំដៅលើការលប់បំបាត់រនាំង ឬឧបសគ្គនានាដែលរាំងស្ទះដល់កំណើនជីវភាពរបស់ពលរដ្ឋគុយបា។
នៅក្នុងនោះដែរ ជាការឆ្លើយតប លោកស្រី លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស បានសម្តែងនូវក្តីរីករាយនាឱកាសនៃជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋសភាជាស្រ្តី ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីភាពអង់អាច និងសមត្ថភាពដ៏រឹងមាំរបស់ស្រ្តីកម្ពុជាក្នុងកិច្ចការងារ។ លោកស្រី ក៏បានអរគុណរដ្ឋសភា ដែលតែងតែជំរុញលើកកម្ពស់មិត្តភាពកម្ពុជា-គុយបា ឲ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា ចំណងមិត្តភាពកម្ពុជា-គុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិនមែនត្រឹមជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរបានធ្វើកិច្ចការជាច្រើនរួមគ្នា ដោយលោកស្រី បានធ្វើការវាយតំលៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែគាំទ្រគុយបានៅរាល់វេទិកាអន្តរជាតិ ស្តីពីការប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអសីលធម៌ និងអយុត្តិធម៌ពីប្រទេសមហាអំណាច ។
លោកស្រី បន្តថា ថ្នាក់ដឹកនាំនៃប្រទេសគុយបា ក៏ដូចជាប្រជាពលរដ្ឋគុយបា តែងតែរំលឹកពីរឿងរ៉ាវនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ហើយតែងតែប្រារព្ធខួបអនុស្សារីយ៍ជារៀងរាល់ឆ្នាំ តែដោយសារស្ថានការណ៍ពិភពលោកនាពេលនេះជួបប្រទះនូវជំងឺឆ្លងដ៏កាចសាហាវ(Covid-19) ទើបការប្រារព្ធខួបអនុស្សាវរីយ៍នាឆ្នាំនេះត្រូវខកខាន។ ទោះបីយ៉ាងណាក្តី ប្រទេសគុយបា តាមរយៈស្ថានទូតគុយបានៅកម្ពុជានឹងនៅតែបន្តជួយជ្រោមជ្រែងកម្ពុជាក្នុងវិស័យផ្សេងៗដូចជាវិសយ័យអប់រំ ការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា និងវិស័យសុខាភិបាលជាដើម។
នៅក្នុងនោះដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកបញ្ជាក់បន្ថែម ដោយសន្យាថា ក្នុងអំឡុងពេលនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា លោកស្រីនឹងខិតខំជំរុញលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើងថែមទៀត ។
លោកស្រី បានថ្លែងនូវក្តីរីករាយ និងវាយតំលៃខ្ពស់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាល និងបានព្យាបាលអ្នកជំងឺ COVID-19 ប្រកបដោយជោគជ័យ និងយ៉ាងមានប្រសិទ្ធភាព ខណៈពេលដែលពិភពលោកកំពុងរុគគួនដោយមេរោគនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!