លោក ស ខេង ថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ក្នុងការរួមចំណែកកសាងច្បាប់ និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីនៅកម្ពុជា
ក្រោយជំនួបរវាងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលមានឆន្ទៈចូលរួមចំណែកគាំទ្រក្នុងការកសាងលិខិតបទដ្ឋានគតិយុទ្ធនានា ជាពិសេសច្បាប់ចំនួនពីរ គឺ ច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងសង្គមកម្ពុជា ក៏ដូចជាអន្តរជាតិ ផងដែរ ក្នុងការទប់ស្កាត់នូវរាល់បទល្មើសទាំងឡាយដែលទាក់ទងទៅនឹងករណីខាងលើ ។
អ្នកនាំពាក្យរូបនេះ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ នូវតែបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអូស្រ្តាលី ដើម្បីបំពេញបន្ថែមឲ្យច្បាប់ទាំងពីរដែលទើបតែអនុម័តនេះ មានភាពពេញលេញ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ភាគីអូស្រ្តាលី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពាក់ព័ន្ធទៅនឹងការងាររបស់កម្លាំងអនុវត្តច្បាប់នាពេលកន្លងមក ជាពិសេសទៅលើការប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងការបណ្តុះបណ្តាលដល់មន្ត្រីអន្តោប្រវេសន៍កម្ពុជា ។
ជាងនេះទៅទៀត នាពេលកន្លងមក រដ្ឋាភិបាលអូស្ត្រាលី ក៏បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលការរាតត្បាតជម្ងឺកូវីដ-១៩ ទៅលើវិស័យសុខាភិបាល និងវិស័យកសិកម្ម តាមរយៈអង្គការក្រៅរដ្ឋាភិបាលរបស់អូស្ត្រាលី ផងដែរ។
នៅក្នុងនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ស ខេង បានស្នើដល់ភាគីអូស្ត្រាលី បន្តជួយពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលប៉ុស្តិ៍ និងនគរបាលស្រុកឱ្យកាន់តែមានសមត្ថភាពក្នុងការបំពេញភារកិច្ចកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!