អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា បដិមាដែលប្រទះឃើញនៅប្រាសាទអង្គរវត្ត គឺមិនមែនជាការកប់ចោលទេ
នៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ នៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថា ស្ដីពី «ព្រះពុទ្ធបដិមានៅអង្គរវត្ត» ដើម្បីចែករំលែកជុំវិញការងារដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះពុទ្ធបដិមាច្រើនអង្គ ក្នុងរណ្ដៅដីនៅជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។
តាមបទបង្ហាញរបស់ក្រុមអ្នកជំនាញ បានបង្ហាញឱ្យឃើញច្បាស់ថា ការកប់នេះមិនមែនជាការកប់ចោលលេងៗនោះទេ តែជាការរៀបចំត្រឹមត្រូវ និងដោយការគោរពចំពោះបដិមាទាំងនោះ។
បុរាណវិទូ លោកស្រី ភិន វិជ្ជាសច្ចរ៉ា បានលើកឡើងថា តាមការសិក្សាយ៉ាងលម្អិត និងត្រួតពិនិត្យនៅក្នុងរណ្ដៅកប់បំណែកព្រះពុទ្ធបដិមា ឃើញថាការកប់នេះមិនមែនជាការកប់បោះចោលនោះទេ ។ លោកស្រីពន្យល់ថា ការកប់នេះ គឺមានការយកចិត្តទុកដាក់បំផុត ដោយមានការកប់ជាដំណាក់ៗ និងដោយព្រឹត្តព្រៀងបំផុតដើម្បីចំណេញទីតាំង។
ជាមួយគ្នានេះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានពន្យល់បន្ថែមថា ជាទូទៅសម្រាប់អ្នកមានជំនឿដែលជឿលើបដិមាដែលស័ក្ដិសិទ្ធិទាំងនោះ គឺតែងរៀបចំរូបដែលបាក់បែកនៅកន្លែងទីតាំងសមរម្យ តែមិនមែនមានន័យថាបោះចោលទេ។ តួយ៉ាងករណីនៅប្រាសាទអង្គរវត្តនេះ គឺចាស់បុរាណសម័យមុនទុកដាក់រៀបចំកប់ត្រឹមត្រូវ និងដោយការគោរពវត្ថុទាំងនោះ។
គួររំលឹកថា នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២០ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានគ្រប់គ្រងទឹក ក្នុងគម្រោងរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត បានប្រទះឃើញបំណែកព្រះពុទ្ធបដិមាច្រើនអង្គក្នុងរណ្ដៅរួមមួយ។ បំណែកទាំងនោះមាន ដងខ្លួនព្រះពុទ្ធបដិមាសម័យក្រោយអង្គរ បំណែករូបសិល្បៈ សម្ភារប្រើប្រាស់ កាំបិទ ដប។ល។ ដែលតាមការសន្និដ្ឋានរូបទាំងនោះត្រូវបាននាំយកពីរូតព្រះពាន់ និងតាមការសន្និដ្ឋាន ការកប់នេះអាចធ្វើឡើងនៅអំឡុងឆ្នាំ១៩៨០ប៉ុណ្ណោះ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!