អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្អាកអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ ៣កន្លែង ដែលល្មើសនឹងបញ្ជា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល
នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប បានបន្តចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងបៀរហ្គាឌិន ដែលមានបន្ទប់ខារ៉ាអូខេ ចំនួន ៣កន្លែង ដែលមានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ការចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍ ទាំង ៣ កន្លែងនេះ គឺដោយសារមិនមានច្បាប់អនុញ្ញាតអាជីវកម្ម ០២កន្លែង ,អាជ្ញាប័ណ្ណហួសសុពលភាព ០១កន្លែង និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។
ជាមួយគ្នានេះ ក្រុមការងារចំរុះ ក៏បានធ្វើកំណត់ហេតុ និងណែនាំអោយម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើសុំច្បាប់នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានអោយបានត្រឹមត្រូវ ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។
អាជ្ញាធរខេត្ត បានអំពាវនាវអោយម្ចាស់អាជីវកម្មបៀរហ្គាឌិន ក្នុងខេត្តសៀមរាបទាំងអស់ មកដាក់ពាក្យស្នើសុំច្បាប់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋាន ទើបអាចប្រកបអាជីវកម្មបាន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!