ស្ពានធំៗចំនួន ១០ ត្រូវបានបន្តធ្វេីការថែទាំ ដេីម្បីរក្សាសោភ័ណភាព
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងសាធារណការ បានលើកឡើងថា ក្នុងសប្តាហ៍ទី០៤ ខែកក្កដា ឆ្នាំ២០២០ ស្ពានធំៗចំនួន ១០ រួមមាន ស្ពានព្រែកព្នៅ ស្ពានព្រែកតាមាក់ ស្ពានព្រែកក្ដាម ស្ពានតាខ្មៅ ស្ពានកោះធំ ស្ពានជ្រៃធំ ស្ពានត្សឹបាសា ស្ពានគីហ្សួណា ស្ពានមេគង្គ ស្ពានសេកុង ត្រូវបានធ្វេីការថែទាំ ដោយការសម្អាត លាបថ្នាំបង្កាន់ដៃស្ពាន និងធ្វេីការជួសជុលនូវបញ្ហាផ្សេងៗទៀត ដែលអនុវត្តដោយនាយកដ្ឋានផ្លូវល្បឿនលឿន ស្ពានធំៗ និងវិនិយោគ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្រសួងសាធារណការ បានបន្តថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូចខាត សូមចូលរួមសហការជាមួយក្រសួង ដោយទាញយកឥតគិតថ្លៃ(តាមតំណភ្ជាប់ខាងក្រោម)នូវ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួងដើម្បីអាចចាត់វិធានការទាន់ពេល ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!