លោកសម រង្សុី ស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បបួលស្បថ
សំឡេង៖
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថ្លែងនៅព្រឹកនេះថា ការស្បថគ្រាន់តែជារឿងអបិយជំនឿ តែលោកស្វាគមន៍បានគ្រប់ពេល។ ការថ្លែងដូចនេះ តបទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃចន្ទថា លោកនឹងបបួលលោក សម រង្ស៊ី ទៅស្បថមុខព្រះអង្គដងកើពាក់ព័ន្ធនឹងការចោទប្រកាន់ថា គណបក្សប្រជាជនបានលួចសន្លឹកឆ្នោត ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីត្រឡប់មកពីទស្សនកិច្ចនៅក្រៅប្រទេសអស់រយៈពេល ជាច្រើនសប្ដាហ៍នោះ លោក សម រង្ស៊ី ប្រធានគណៈបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ថា ការស្បថគឺគ្រាន់តែជាអបិយជំនឿប៉ុណ្ណោះ ហើយអាចស្បថពេលណាក៏បាន អ្វីដែលសំខាន់គឺលោកចង់ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញទៅតាម លក្ខណៈបច្ចេកទេស ទើបអាចដឹងការពិត។
កាលពីថ្ងៃចន្ទកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំសភាថា លោកនឹងបបួលលោក សម រង្ស៊ី ទៅស្បថមុខព្រះអង្គដងកើពាក់ព័ន្ធនឹងការចោទប្រកាន់ថា គណបក្សប្រជាជនបានលួចសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនាពេលកន្លងមក ។
ការថ្លែងយ៉ាងដូច្នេះ ខណៈលោកប្រតិកម្មនឹងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក លិម គិមយ៉ា ដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាចែកអំណោយប្រកាន់និន្នាការ។
បន្ទាប់មក ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស ក៏បានស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំណត់ថ្ងៃជាក់លាក់ ទៅស្បថជាមួយលោកនៅមុខព្រះអង្គដងកើ ដើម្បីបង្ហាញភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជាថា មិនបានលួចសន្លឹកបន្លំលទ្ធផលបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។ ភ្លាមៗនោះដែរ ក្រុមយុវជនរបស់គណបក្សប្រជាជន ក៏បានបបួលលោកម៉ៅ ពិសេស ថែមទាំងថ្នាក់ដឹកនាំគណបក្សទាំង២ទៅស្បថដែរ។
គួរកត់សំគាល់ថា អាយ៉ៃឆ្លើយឆ្លងខាងលើ គេសង្កេតឃើញ ផ្តើមចេញពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលលើកយកចំណងជើងស្បថ ផ្ងើរទៅលោកសម រង្សី។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!