ណូវែលហ្សឺឡង់ ផ្ដល់ជំនួយ ៣.៨ លានដុល្លារអាមេរិក ដើម្បីចូលរួមការងារបោសសម្អាតមីននៅកម្ពុជា
ណូវែលហ្សឺឡង់ បង្ហាញជំហរគាំទ្រពេញទំហឹងនូវគោលនយោបាយ កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥ ដោយក្នុងនោះ ណូវែលហ្សឺឡង់ បានសម្រេចផ្ដល់ជំនួយជាថវិកាប្រមាន ៣.៨ លានដុល្លាអាមេរិក សម្រាប់ឆ្នាំ ២០២០-២០២៤ ។
ការលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្នុងជំនួបតាមរយៈប្រព័ន្ធវីដេអូរវាងលោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីនកម្ពុជា ជាមួយលោក Taha Macpherson ឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ ប្រចាំនៅកម្ពុជា ថៃ និងឡាវ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ។
ក្នុងឳកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនណូវែលហ្សឺឡង់ ដែលបានសម្រេចចិត្តចូលរួមគាំទ្រដល់ការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដោយបានផ្តល់នូវថវិកាប្រមាណ ៣.៨ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០-២០២៤ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលលោកបញ្ជាក់ថា ជំនួយរបស់រដ្ឋាភិបាលណូវែលហ្សឺឡង់ នាពេលនេះ នឹងជួយផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋមូលដ្ឋានរាប់ពាន់គ្រួសារ។
លោក លី ធុជ បានបន្តថា អាជ្ញាធរមីនកម្ពុជា សន្យានឹងប្រើប្រាស់ថវិកាទាំងនេះ ឲ្យចំគោលដៅ ត្រឹមត្រូវ និងមានតម្លាភាព ព្រមទាំងបានអញ្ជើញលោកឯកអគ្គរដ្ឋទូត ចុះពិនិត្យចម្ការមីន និងជួបសំណេះសំណាលជាមួយអ្នកទទួលផលដោយផ្ទាល់ ក្នុងពេលវេលាសមស្របណាមួយ នាពេលខាងមុខ ផងដែរ ។
លោក លី ធុជ ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ អំពីការបំពេញកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្នុងការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាព ២០១៨-២០២៥ វឌ្ឍនភាពនៃវិស័យសកម្មភាពមីននៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់វត្តមានគ្រាប់មីននៅកម្ពុជាឆ្នាំ ២០២៥ ទៀតផង ។
នៅក្នុងនោះដែរ លោកឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ បានបង្ហាញការអបអរសាទរចំពោះទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និងណូវែលហ្សឺឡង់ នាពេលនេះ ។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា រដ្ឋាភិបាលណូវែលហ្សឺឡង់ មានសេចក្ដីសប្បាយរីករាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីននៅកម្ពុជា និងប្តេជ្ញាបន្តជួយដល់កម្ពុជាឲ្យសម្រចបាននូវគោលដៅគ្មានមីនឆ្នាំ ២០២៥ ខាងមុខនេះ ។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏គ្រោងនឹងទស្សនកិច្ចប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការរីករាលដាលជម្ងឺកូវីដ-១៩ នាពេលខាងមុខឆាប់ៗនេះ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!