រដ្ឋមន្ត្រីការងារ រំលឹកដល់មន្ត្រីត្រូវទប់ស្កាត់អោយបានជាដាច់ខាតនូវបដិវត្តន៍ពណ៌បំផ្លាញសង្គម
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការក្រើនរំលឹកដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ទាំងនៅថ្នាក់ជាតិ និងរាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ត្រូវបន្តខិតខំទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម អោយបានជាដាច់ខាត មិនត្រូវទុកឱ្យរាលដាលពីតូចទៅធំ ក្លាយទៅជាបដិវត្តន៍ពណ៌បំផ្លាញសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថិរភាពជាតិ បានជាដាច់ខាត ។
លោករដ្ឋមន្ត្រី ធ្វើការក្រើនរំលឹនបែបនេះ ក្នុងឳកាសដែលលោកចូលរួមបើកកិច្ចប្រជុំ ស្តីពី “ការផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា អំពី វិធានការទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់ ” នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកណ្តាល។
លោករដ្ឋមន្ត្រី អ៊ិត សំហេង ក្នុងនាមជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានគូសបញ្ជាក់ថា គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
លោករដ្ឋមន្ត្រី បានបន្តថា គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវសកម្មភាពបាតុកម្មនយោបាយរបស់ក្រុមជ្រុលនិយមដែលមានការគាំទ្រ និងលើកទឹកចិត្តពីបណ្តាមជ្ឈដ្ឋានខាងក្រៅ ដែលប៉ុនប៉ងបំផ្លាញលទ្ធផលនៃការបោះឆ្នោតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសធានាបាននូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការពារផលប្រយោជន៍ជូនកម្មករនិយោជិត នាពេលកន្លងមក។
ជាមួយគ្នានេះដែរ លោក អ៊ិត សំហេង ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត ដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាទាំងនៅថ្នាក់ជាតិ និងរាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ត្រូវបន្តខិតខំទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម ដោយត្រូវ ៖
១-ក្តាប់សភាពការណ៍ប្រមូលព័ត៌មាន តាមដានរាល់ផែនការសកម្មភាពក្រុមជ្រុលនិយមជ្រកក្រោមស្លាកគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈដ្ឋានអមិត្តដែលប៉ុនប៉ងបំផុសកូដកម្ម បាតុកម្ម កុបកម្ម បដិវត្តពណ៌។២-ទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្មបាតុកម្មតាំងពីកន្លែងកើតហេតុនៅរោងចក្រសហគ្រាស នៅតាមមូលដ្ឋានមិនទុកឱ្យប្រមូលផ្តុំទៅជាកម្លាំងធំ។
៣-អនុវត្តវិធានការច្បាប់ វិធានការរដ្ឋបាល និងវិធានការជំនាញចំពោះពួកមេក្លោង ជនដៃដល់ និងសកម្មជន ដោយមិនលើកលែង។
៤-បង្កើនកិច្ចសហការជាមួយអង្គការសហជីពសមាគមនិយោជកអង្គការមិនមែនរដ្ឋាភិបាលសង្គមស៊ីវិលផ្សេងៗ ទៀតកសាងទំនាក់ទំនងល្អដើម្បីគ្រប់គ្រងទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្មបាតុកម្ម។
៥-ពង្រឹងការគ្រប់គ្រងវិន័យផ្ទៃក្នុងក្រសួងស្ថាប័ន អង្គភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពកងកម្លាំង ប្រដាប់អាវុធ ពង្រឹងធ្លុងសាមគ្គីឯកភាព គោរព និងអនុវត្តច្បាប់ បទបញ្ជា ប្តេជ្ញាចូលរួមប្រឆាំងកូដកម្ម បាតុកម្ម ប្រឆាំងបដិវត្តពណ៌ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់។
៦-ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌នៃយន្តការគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់ថ្នាក់ ពង្រឹងការសហការរវាងគ្រប់កម្លាំងមានសមត្ថកិច្ចគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់។
៧-បណ្តុះបណ្តាលមន្រ្តី គ.ក.ប និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់អំពីការគ្រប់គ្រង ការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌។
៨-រៀបចំកម្លាំងត្រៀមបម្រុង និងកសាងផែនការគ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌គ្រប់ភូមិសាស្រ្ត។
៩-ពង្រឹងការងារព័ត៌មានបំភ្លឺសាធារណមតិជាតិ និងអន្តរជាតិចំពោះរាល់ករណីកូដកម្ម បាតុកម្ម និងសកម្មភាពល្មើសច្បាប់របស់ក្រុមជ្រុលនិយម ដោយប្រើប្រាស់គ្រប់មធ្យោបាយតាមរយៈអាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់អង្គការសហជីព អង្គការមិនមែនរដ្ឋាភិបាល បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធឃោសនា និងអ្នកការទូត។
១០-ត្រូវគ្រប់គ្រងករណីឧបទ្ទវហេតុផ្សេងៗដូចជា ឃាតកម្មនយោបាយ ឃាតកម្មលើសកម្មជនល្បីៗ សិល្បករល្បីៗ ព្រឹត្តិការណ៍កីឡា បុណ្យជាតិ អន្តរជាតិ និងហានិភ័យជាយថាហេតុ។ល។ ត្រូវមានផែនការទប់ស្កាត់ និងដោះស្រាយការបំផុសចលាចលបង្កើតបដិវត្តពណ៌តាមករណីនីមួយៗ។
១១-ខិតខំអនុវត្តបទបញ្ជាលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម និងសារាចរណែនាំលេខ ១០ សរណន ស្តីពីការប្រគល់ភារកិច្ចជូនអភិបាលរាជធានី ខេត្ត ជួយសម្រួលដល់ការគ្រប់គ្រងរោងចក្រ សហគ្រាសដែលស្ថិត ក្នុងភូមិសាស្រ្តរាជធានី ខេត្ត។
១២-ត្រូវខិតខំដោះស្រាយករណីរោងចក្រ សហគ្រាសដួលរលំ ដោយថៅកែរត់ចោល តាមស្មាតីលិខិតលេខ ២៣៩ សជណ.អវ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ទីស្តីការគណរដ្ឋមន្រ្តី និងសេចក្តីសម្រេចលេខ ០២ គកប ចុះថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបង្កើតគណកម្មការដោះករណីរោងចក្របិទទ្វារដោយម្ចាស់រត់ចោល ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!