នាយករដ្ឋមន្រ្តី ហ៊ុន សែននឹងក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីថ្ងៃកាន់ទុក្ខលោកជាស៊ីម ចប់សប់គ្រប់
សំឡេង៖
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីការរៀបចំកម្មវិធីបុណ្យសពរបស់លោកជាស៊ីមត្រូវបានបញ្ចប់រួចរាល់។ ការស្នងតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជានេះគឺធ្វើឡើងតាមរយៈការបោះឆ្នោតជាសមាជផ្ទៃក្នុងនៃគណបក្ស។ នេះបើយោងតាមការឲ្យដឹងពីលោក ឈឹម ផលវរុណ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយពេល អតីតប្រធានគណបក្សប្រជាជនកម្ពុជាលោក ជាស៊ីម ទទួលមរណៈភាព។
គណបក្សប្រជាជនកម្ពុជា នឹងរៀបចំសមាជបក្ស ដើម្បីបោះឆ្នោតជ្រើសរើសលោកនាយករដ្ឋមន្ត្រីហ៊ុនសែន អោយធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជាថ្មី ជំនួស លោក ជា ស៊ីម ។ នេះបើតាម លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុសម្លេងយុវជនVOYនៅថ្ងសទី១០មិថុនានេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្ថែមឲ្យដឹងទៀតថា ជាគោលការណ៍របស់គណបក្ស គឺត្រូវធ្វើការបោះឆ្នោត ជាសមាជមហាសន្និបាទផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ គូសបញ្ជាក់ដែរថា សំរាប់មហាសន្និបាទត្រៀមជ្រើសរើសប្រធានគណបក្ស គឺធ្វើឡើងតាមរយៈមហាសន្និបាទតំណាងទូទាំងប្រទេស ដែលមានអ្នកចូលរួមជាតំណាងគណបក្សប្រជាជនកម្ពុជា មកពី ឃុំ សង្កាត់ ស្រុក ខេត្ត រាជធានី ហើយនឹងរៀបចំក្រោយពេលពិធីកាន់ទុក្ខលោកជាស៊ីម ចប់សប់គ្រប់។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាស្ថិត ក្រោមការដឹកនាំយ៉ាងរឹងមាំងពីថ្នាក់ដំនាំកំពូលទាំងបីរូប គឺ លោក ជាស៊ីម លោក ហ៊ុន សែន លោកហេង សំរិន និងសកម្មជនរបស់គណបក្ស ដែលមានរយៈពេលជាង៣០ឆ្នាំរួចមកហើយ គិតតាំងពីថ្ងៃ ទី៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ស្របពេលនេះដែលមានមតិមួយចំនួនកំពុងតែមានចង្ងល់ថាតើការស្នងតំណែងរបស់លោក ហ៊ុន សែន ជាប្រធានគណបក្សជំនួសលោក ជាស៊ីមនោះ អាចជាបញ្ហាសំរាប់ការដឹកនាំគណបក្សដែររឺទេ? ឬក៏ថា លោក នាយករដ្ឋមន្រ្តីហ៊ុនសែន អាចដឹកនាំឲ្យគណបក្សប្រជាជនកម្ពុជាយូរអង្វែងនិងមានកេរ្តិ៍ឈ្មោះ ដូចការដឹកនាំ លោក ជា ស៊ីមទេ?
រាយការបន្តដោយ៖ កញ្ញា ឡេង ឆលីដា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!