ចាប់ពីថ្ងៃទី ១២- ១៨ សីហា កម្ពុជា នឹងមានភ្លៀងធ្លាក់នៅទូទាំងប្រទេស
ចាប់ពីថ្ងៃទី ១២- ១៨ ខែ សីហា ឆ្នាំ ២០២០ ព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់នៅក្របខណ្ឌទូទាំងប្រទេស ដោយក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក បានអោយដឹងថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជា បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
នៅក្នុងនោះ ព្យុះចំនួន០២ បាននឹងកំពុងកើតមាន ដោយព្យុះទី ៥ ឈ្មោះ យ៉ាងមី (JANGMI) បច្ចុប្បន្នស្ថិតក្បែរឧបទ្វីបកូរ៉េ នឹងបន្តដំណើរទៅភាគខាងជើង។ ឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី៦ ឈ្មោះ មេខាឡា (MEKKHALA) បាននឹងកំពុងធ្វើដំណើរទៅកាន់ខេត្តណាន់ជីន ប្រទេសចិន។
ក្រសួងធានធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី ១២-១៣ ខែសីហា នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ ភ្លៀងនឹងកើនឡើងទាំងបរិមាណ ទាំងភាពសាយភាយក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។ បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងបណ្តាខេត្តដែលមាន ព្រំប្រទល់ជាប់នឹងវៀតណាមអាចនឹងមានភ្លៀងច្រើន ។
ជាមួយគ្នានេះ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន។ រីឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ វិញ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។
ក្រសួងធានធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្តាល៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!