ក្រសួងរៀបចំដែនដី បដិសេធ មិនទទួលស្គាល់របាយការណ៍ស្រាវជ្រាវរបស់អង្គការ NGO Foram
សំឡេង៖
ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ចេញសេចក្តីប្រកាស់ព័ត៏មាន បដិសេធមិនទទួលស្គាល់របាយការណ៍ស្រាវជ្រាវរបស់វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។ ក៏ប៉ុន្តែប្រធានអង្គការនេះបានបញ្ជាក់ថា ទទួល់ស្គាល់ ឬមិនទទួលស្គាល់ជាសិទ្ធិរបស់ក្រសួងស្ថាប័ន តែការស្រាវជ្រាវដែលគោរពវិជ្ជាជិវៈនិងឯករាជ្យគឺជាការពិតមិនអាចប្រកែកបាន។
ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ចេញសេចក្តីប្រកាស់ព័ត៌មាន បដិសេធមិនទទួលស្គាល់របាយការណ៍ស្រាវជ្រាវរបស់វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ស្តីពីការអនុវត្ត និងឥទ្ធិពលនៃបទបញ្ជាលេខ ០១ ក្រោមហេតុផលថារបាយការណ៍នោះលំអៀង និងមិនមានលក្ខណៈថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ មិនបង្ហាញការពិត និងមិនឯករាជ្យ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចេញកាលពីល្ងាច ថ្ងៃទី ០៩ ខែមិថុនាម្សិលមិញបានអោយដឹងថា របាយការណ៍នេះមានលក្ខណៈលំអៀង តាំងពីដើមទីនៃការធ្វើការស្រាវជ្រាវមកម្ល៉េះ។ លំអៀងត្រង់ថាពុំបានធ្វើការសំភាសន៍ ជាមួយមន្ត្រីថ្នាក់ដឹកនាំរបស់ក្រសួង និងយុវជនស្ម័គ្រចិត្តដែលជាអ្នកអនុវត្តន៍កិច្ចការដោយផ្ទាល់។
នៅក្នុងសេចក្តីប្រកាស់ព័ត៌មាននោះបានបញ្ជាក់ថា លទ្ធិផលដែលសម្រេចបានពីការអនុវត្តបទបញ្ជាលេខ ០១ នេះគឺ ផែនការអនុវត្តដែលមានផ្ទៃដី ២លានហិចតា គ្របដណ្តប់ ២០ ខេត្ត ពាក់ព័ន្ធ ៥០ ម៉ឺនគ្រួសារ លើក្បាលដី ១លាន ២ សែនក្បាលដី។ និងសម្រេចបាន និងបិទផ្សាយ ជាង ៧១ ម៉ឺនក្បាលដី និងចែកប័ណ្ណរួច ជាង ៦១ ម៉ឺនប័ណ្ណ នៅសល់ប្រមាណ ១០ ម៉ឺនក្បាលដី។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បញ្ជាក់ប្រាប់វិទ្យុសំឡេងយុវជន អោយដឹងនៅព្រឹកនេះថា ការរិះគន់ទៅលើរបាយការណ៍នេះ គឺជាសិទ្ធិរបស់ស្ថានប័ណ្ណ តែការធ្វើការស្រាវជ្រាវ ដោយឯករាជ្យ និងគោរពវិជ្ជាជីវៈ គឺជាតំលៃរួមរបស់អង្គការលោក។ លោកបានបញ្ជាក់ថា នៅក្នុងតារាងឈ្មោះដែលបានសំភាសន៍ គឺមានភាគីពាក់ព័ន្ធច្បាស់លាស់ ដែលសមស្របទៅតាមចំនួនខេត្តដែលធ្វើការស្រាវជ្រាវ។
លោកបន្តថារបាយការណ៍ គឺមានការទទួលស្គាល់ទូលំទួលាយព្រោះជារបាយការណ៍មួយដែលរៀបចំដោយអ្នកជំនាញទាំងជាតិ និងអន្តរជាតិ ។ លោកបានបន្តថា ការសិក្សាដោយអ្នកឯករាជ្យ គឺឃើញអាក្រក់ថាអាក្រក់ ឃើញល្អថាល្អ បើក្រសួងមិនពេញចិត្តនេះ អាចធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទដដែលនេះ អោយបានច្បាល់លាស់ និងធ្វើការផ្សព្វផ្សាយ ជាសាធារណៈ។
សូមបញ្ជាក់ថានៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ ស្តីពីគោលនយោបាយចាស់សកម្មភាព ថ្មីលើវិស័យដីធ្លី ឬការអនុវត្ត និងឥទ្ធិពលនៃបទបញ្ជាលេខ ០១ បប ដែលរៀបចំដោយ អង្កការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបង្ហាញពីរបាយការណ៍សង្ខេបថា ប្រជាជនរស់នៅក្នុងតំបន់ ដែលបានវាស់វែងតាមបទបញ្ជា ០១ មានឱកាសខ្ពស់ក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិ យ៉ាងហោចណាសមានប័ណ្ណសម្រាប់ដីមួយចំនួន របស់ពួកគេ។ ប៉ុន្តែដីជាច្រើនមិនត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យទេ។
ក្នុងការចុះស្រាវជ្រាវនេះ គឺធ្វើទៅលើ ៦ខេត្ត ប្រើរយៈពេល មួយឆ្នាំកន្លះ ដែលធ្វើការសំភាសន៍ជាមួយតំណាងគ្រួសារចំនួន ៤៨០នាក់ អ្នកផ្តល់ព័ត៌មានសំខាន់ ចំនួន ៤៥នាក់ តំណាងថ្នាក់ ភុមិ ឃុំស្រុក និងខេត្ត និងដៃគួអភិវឌ្ឍន៍ និងអ្នកស្រាវជ្រាវនានា ១២នាក់។ ក្នុងរបាយការណ៍សង្ខេបនោះបានបញ្ជាក់ថា ការធ្វើបទសំភាសន៍នោះ ប្រជាជន ៧៥% មិនបានទទួលប័ណ្ណកម្មសិទ្ធិលើគ្រប់ដីរបស់ពួកគេដែលបានវាស់វែងនោះ។ និង ៥០% និយាយថា ដីរបស់ពួកគេមួយចំនួនមិនត្រូវបានវាស់វែងតែម្តង។ ហើយក្នុងនេះក៏មានជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយជាដើម៕
ដោយលោក ហ៊ាង រដ្ឋធានី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!