ក្រសួងបរិស្ថានចាប់ផ្តើមវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០
វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន បានចាប់ផ្តើមដំណើការជាថ្មីមួយទៀត ក្នុងឆ្នាំ២០២០ នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ។
ក្នុងពិធីបើកការណែនាំឆ្ពោះទៅដំណើការវេទិកាលើកទី៤០ សម្រាប់ការរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ដែលរៀបចំដោយនាយកដ្ឋានអប់រំ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ក្រោមប្រធានបទ ៖ ការគ្រប់គ្រងធនធានធម្មជាតិ ជាភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ថ្លែងថា ជារៀងរាល់ឆ្នាំ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តែងតែរៀបចំវេទិកាជជែកពិភាក្សាអំពី បរិស្ថាននេះ ដោយធ្វើឡើងនៅរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សមកពីបណ្តាសកលវិទ្យាល័យនានា បញ្ចេញសមត្ថភាព សិក្សាស្រាវជ្រាវ និងស្វែងរកចំណេះដឹង បទពិសោធន៍ថ្មីៗតាមបែបវិទ្យាសាស្រ្ត និងចែករំលែកនូវចំណេះដឹងទាំងនោះទៅដល់សាធារណជនទូទៅឱ្យយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន សំដៅចូលរួមអនុវត្តទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងគោលដៅថែររក្សាបាននូវការការពារ និងអភិរក្សបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។
លោក ជួប ប៉ារីស៍ បន្តថា សម្រាប់ឆ្នាំនេះ គឺជាវេទិកាលើកទី៤០ហើយ សម្រាប់ការរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ដែលរៀបចំដោយក្រសួងបរិស្ថាន ហើយឆ្នាំនេះក៏ជាលើកទី២ហើយ ដែលក្រសួងបរិស្ថាន បានរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានកម្រិតវិទ្យាល័យនៅតាមបណ្តារាជធានី/ខេត្ត ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់សិស្សានុសិសស្ស នៅតាមបណ្តាខេត្ត បានសិក្សាស្វែងយល់បន្ថែមអំពីបញ្ហាបរិស្ថាន និងចូលរួមចែករំលែកចំណេះដឹងទាំងនោះទៅដល់សហគមន៏របស់ខ្លួន ហើយលើសពីនោះទៀតគឺការផ្តល់ឱកាសសម្រាប់ការចុះទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្តែនៅតំបន់គម្រោង។
ក្នុងឱកាសនោះដែរ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់គម្រោង USAID ព្រៃឡង់បៃតង ដែលបានគាំទ្រ និងជួយសម្រួល ក្នុងការផ្តល់ឱកាសដល់ប្អូនៗសិស្សានុសិស្ស លើការសិក្សាស្រាវជ្រាវអំពីធនធានជីវៈចម្រុះក្នុងតំបន់នេះផ្ទាល់ សំដៅចូលរួមចំណែកក្នុងកិច្ចគាំពារ និងអភិរក្សជីវៈចម្រុះ ក៏ដូចជាការប្រមូលធាតុចូលសំខាន់ៗសម្រាប់ការសិក្សាស្វែងយល់របស់ប្អូនៗ ក្នុងការប្រកួតប្រជែងនាពេលខាងមុខ ។
លោករដ្ឋលេខាធិការ បញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ នេះ គឺមានលក្ខណៈពិសេសជាងការប្រកួតប្រជែងឆ្នាំកន្លងមក ដោយបេក្ខជនដែលចូលរួមប្រកួតប្រជែង អាចធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទជាក់ស្តែង ដែលកំពុងតែកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្តោតលើការការពារ និងអភិរក្សធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ជាដើម។
ជាមួយគ្នានេះ លោក ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ខិតខំយកចិត្តទុកដាក់ចូលរួមក្នុងវេទិកានេះ ដែលនឹងផ្តល់សារអប់រំដល់សារធារណជនទូទៅយល់ដឹងពីអត្ថប្រយោជន៍នៃជីវៈចម្រុះ និងជម្រើសមុខរបរសម្រាប់ប្រជាសហគមន៍ ដើម្បីឈានទៅរកការកែប្រែឥរិយាបថរបស់បុគ្គល និងអភិវឌ្ឍទង្វើប្រកបដោយសីលធម៌សំដៅចូលរួមយ៉ាងសកម្មក្នុងការពារ និងអភិរក្សជីវៈចម្រុះឱ្យបានស្ថិតស្ថេរសម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។
សូមបញ្ជាក់ថា សម្រាប់វគ្គប្រកួតដំបូងនឹងមានសិស្សានុសិស្សមកពីវិទ្យាល័យចំនួនពីរក្នុងមួយខេត្ត គឺ វិទ្យាល័យ ព្រះ រាជបូជនីយកិច្ច និងវិទ្យាល័យ ហ៊ុនសែន ដើម្បីប្រកួតយកលេខ១ត្រៀមទៅវគ្គផ្តាច់ព្រ័ត នៅខេត្តព្រះវិហារ។ រីឯប្រធានបទសម្រាប់ការជជែកពិភាក្សាសម្រាប់វេទិកាទាំងមូលគឺផ្តោតទៅលើ ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ ជីវៈចម្រុះ និងបញ្ហាការប្រែប្រួលអាកាសធាតុ។
វគ្គប្រកួតផ្តាច់ព្រ័តនៃវេទិកាឆ្នាំនេះ កម្មវិធីក៏នឹងមានរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់បទពិសោធន៏ និងការអនុវត្តជាក់ស្តែងនៅតំបន់គម្រោងព្រៃឡង់ស្ថិតនៅខេត្តព្រះវិហារ សម្រាប់ សិស្សានុសិស្សដែលជាបេក្ខជនប្រកួតទាំងអស់ រួមជាមួយក្រុមយុវជនជ័យលាភីលេខ១ប្រចាំឆ្នាំ២០១៩ ផងដែរ មុននឹងបេក្ខជនទាំងនោះចាប់ផ្តើមប្រកួតជជែកពិភាក្សាក្នុងវគ្គផ្តាច់ព្រ័ត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!