ប្រទេសអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធគ្នាក្នុងការស្ដារវិស័យទេសចរណ៍ ក្រោយពេលវិបត្តិកូវីដ ១៩
ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំអនុតំបន់មេគង្គ តាមរយៈប្រព័ន្ធវីដេអូ ក្នុងគោលបំណងរួម គឺធ្វើយ៉ាងណាត្រូវស្ដារវិស័យទេសចរណ៍ឡើងវិញឱ្យបាន នាកំលុងពេល និងក្រោយពេលវិបត្តិកូវីដ ១៩ ។
ក្នុងកិច្ចប្រជុំនេះ បានលើកយកប្រធានបទមកពិភាក្សា មានដល់ទៅ ១០ជំពូក ពាក់ព័ន្ធនឹងកិច្ចការនយោបាយដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់មេគង្គ ការអនុវត្តគោលការណ៍នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ពីគោលដៅទេសចរណ៍មានសុវត្ថិភាពទៅកាន់គោលដៅទេសចរណ៍ដែលមានសុវត្ថិភាពមួយទៀត និងកិច្ចពិភាក្សាលើការដោះស្រាយផលប៉ះពាល់វិបត្តិកូវីដ១៩ និងការស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញ ជាដើម។
នាឱកាសនោះ តំណាងភាគីកម្ពុជា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ចំពោះការតស៊ូប្រយុទ្ធប្រឆាំងជាមួយបិសាចកំណាចកូវីដ ១៩ នេះ ប្រទេសកម្ពុជាមិនបាននៅស្ងៀមនោះឡើយ ដោយរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ ក្រោមការគាំទ្រពីអង្គការសុខភាពពិភពលោក ផងនោះ បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់សស្រាំ និងមានការយកចិត្តទុកដាក់ជាទីបំផុត។
លោករដ្ឋមន្ត្រី បានបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ស្ថាប័ន អង្គភាពនានា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះ ក្នុងនោះក្រសួងទេសចរណ៍ក៏តែងចេញធ្វើសកម្មភាពជាប់ជាប្រចាំនៅតាមដែនសមត្ថកិច្ចរបស់ខ្លួន លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅ មូលដ្ឋានអាជីវកម្មសេវាកម្មម្ហូបអាហារ អាជីវកម្មសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។
លោករដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា ការខិតខំទាំងនេះ គឺដើម្បីធ្វើយ៉ាងណាអាចស្ដារវិស័យទេសចរណ៍ក្នុងប្រទេសបានខ្លះ ដើម្បីកុំឱ្យជួបនូវវិបត្តិដុនដាបខ្លាំងពេក ក្នុងនោះក្រសួងទេសចរណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុកខ្លះៗ ដោយភ្ជាប់ជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ផ្នែកខាងលើ ដើម្បីឱ្យដង្ហើមវិស័យទេសចរណ៍ជាតិនៅតែអាចរស់បាន។
លោក ថោង ខុន ថា ក្រសួងទេសចរណ៍តែងបានស្វែងរកកិច្ចសហប្រតិបត្តិការ និងកិច្ចសហការពីសំណាក់ដៃគូជាតិ-អន្តរជាតិនានា ដើម្បីពង្រឹងការអនុវត្តការងារសំខាន់ក្នុងវិស័យទេសចរណ៍របស់ខ្លួនជារឿយៗ។
លោករដ្ឋមន្ត្រី ថោង ខុន គូសបញ្ជាក់បន្ថែមថា បើទោះបីជាកម្ពុជា មិនទាន់អាចទទួលយកទេសចរអន្តរជាតិបាន ក៏កម្ពុជានៅតែរៀបចំខ្លួនជាប់ជាប្រចាំ តាមរយៈការពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ ការលើកទឹកចិត្តឱ្យមានការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងមានសុវត្ថិភាពខ្ពស់ ការជំរុញឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់នឹងសម័យកាលបដិវត្តឧស្សាហកម្ម ៤.០ ការបំប៉ន និងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម ការលើកស្ទួយ និងជំរុញឱ្យមានការវិនិយោគលើវិស័យកសិកម្ម ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩ ពិសេសគឺការទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ប្រជាពលរដ្ឋ។
សួមជម្រាបជូនថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកកាលពីកំលុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ ដោយកំលុងពេល៥ថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១.៤លាននាក់។ អ្វីដែលឱ្យរីករាយនោះ គឺគ្មានរកឃើញថាមានករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាម្នាក់នោះឡើយ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!