រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ ចុះអនុស្សរណៈជួយគ្នាអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍
រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដែលប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីជាតម្រូវការចាំបាច់មុនគេក្នុងការពង្រឹងគោលដៅទេសចរណ៍ក្នុងប្រទេស។
ពិធីចុះអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះ គឺផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ សំដៅចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានបន្តថា ក្នុងក្របខណ្ឌការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (ទាំងផ្នែកសាធារណៈ និងឯកជន) និងបានដាក់ចេញនូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាសមត្ថភាពអាស៊ាន តំបន់ អន្តរជាតិ និងពិភពលោក តាមរយៈការរៀបចំនូវវគ្គបណ្តុះបណ្តាល ទាំងជំនាញបន្ថែម និងជំនាញថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា។
ជាពិសេស ដើម្បីអាចធ្វើការសិក្សាបានគ្រប់ពេលវេលាគ្រប់ទីកន្លែង និងអាចពង្រឹងសមត្ថភាពជំនាញពេញមួយជីវិត ក្រសួងទេសចរណ៍ ក៏បានបង្កើត និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (Online Tourism Professional Training Management System) ដែលមានគេហទំព័រឈ្មោះ www.tptd.org របស់ខ្លួនផងដែរ។
ដោយឡែកលោក សុខ ទូច បានឱ្យដឹងដែរថា ក្រោយពីការចុះអនុស្សរណៈនេះទៅ រាជបណ្ឌិត្យសភាកម្ពុជា បានកំណត់យកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ធ្វើសកម្មភាពលើការបណ្ដុះបណ្ដាលផ្នែកសណ្ឋាគារ បដិសណ្ឋារកិច្ច ម្ហូបអាហារ ភេសជ្ជៈ ក៏ដូចជាការផ្លាស់ប្ដូរអ្នកជំនាញជាតិ-អន្តរជាតិ និងអ្នកជំនាញក្នុងផ្នែកសាធារណៈ-ឯកជន ដែលអាចរួមគំនិតគ្នាបង្កើតចក្ខុវិស័យលើវិស័យទេសចរណ៍សម្រាប់់ជាតិ។
លោក សុខ ទូច បានបន្តថា ក្នុងកិច្ចសហប្រតិបត្តិការនេះដែរ រាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងបង្កើតមជ្ឈមណ្ឌល China Ready មួយ ដើម្បីបណ្ដុះបណ្ដាលភាសាចិន ដោយហេតុថា រាជបណ្ឌិត្យសភាកម្ពុជា ក៏មានកិច្ចសហការជាមួយវិទ្យាស្ថាន ខុង ជឺ ទាំង២៣ សាខានៅទូទាំងប្រទេសកម្ពុជា ផងដែរ។
សូមជម្រាបថា សមិទ្ធផលនៃអនុស្សរណៈនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា ខណៈថ្នាក់ដឹកនាំទាំងពីរបានបង្ហាញជំនឿយ៉ាងមុតមាំថា អនុស្សរណៈយោគយល់នេះ នឹងជាឧបករណ៍មួយដ៏មានប្រសិទ្ធភាពមួយទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍រវាងស្ថាប័នទាំងពីរ ដែលជាស្ថាប័នបណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាវន្តនៅកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!